ព័ត៌មានទាន់ហេតុការណ៍៖

រពឹសដៃឆក់ទូរស័ព្ទគេត្រូវភ្នាក់ងារសន្តិសុខឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ មិនមែនរពឹសដៃផ្ទៃឆ្អែតទេ! គឺរពឹសដៃទៅឆក់យកទូរស័ព្ទគេហើយត្រូវបានម្ចាស់របស់ជិះដេញតាមរួចស្រែកថាចោរៗ ឮដល់ភ្នាក់ងារសន្តិសុខក៏ស្ទាក់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង០០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្តកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អុន ពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក Suzuki Let’s ពណ៌ស ហើយទុកទូរស័ព្ទដៃម៉ាក iPhone-១១ Pro Max ក្នុងឃ្លុបម៉ូតូក្រោមដៃចង្កូត។ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AZ-៥០២៥មកពីក្រោយអែបខាងស្តាំ ឆក់យកទូរស័ព្ទដៃជនរងគ្រោះបានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន។ ពេលនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ ហើយពេលមកដល់ខ្លោងទ្វារបុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ក៏ត្រូវបានក្រុមសន្តិសុខបុរីប៉េងហួតជួយឃាត់បានជនសង្ស័យ រួមនឹងទូរស័ព្ទដៃ ជនរងគ្រោះនិងម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព។ ខណៈនោះជនរងគ្រោះក៏បានយកទូរស័ព្ទដៃរបស់ខ្លួនរួចជិះម៉ូតូចេញទៅបាត់។ ចំណែកសន្តិសុខក៏នាំខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូ១គ្រឿង ប្រគល់ឱ្យសមត្ថកិច្ច។

 រីឯជនរងគ្រោះ សមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងស្វែងរកឱ្យមកដាក់ពាក្យបណ្តឹង តែរកពុំទាន់ឃើញឡើយ៕

ដោយ ៖ ស សម


ចែករំលែក៖