ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងបទល្មើសព្រហ្មទណ្ឌរបស់ជនសង្ស័យចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្មនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។
គួររំលឹកថា កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដូនពេញបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ដែល ជាប់ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។
ការបង្ហាញមុខជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រួចហើយបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃដដែលនោះផងដែរ។
លោកវរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងមក កម្លាំងនគរបាលជំនាញខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់។
លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន បានបន្តឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង៦នាក់នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យបានជិះឡំប្រឺតា ពណ៌លឿងស្វែងរកលួចស្លាកលេខរថយន្តដែលប្រជាពលរដ្ឋចតទុកនៅមុខផ្ទះពេលរាត្រីក្នុងមូលដ្ឋានសង្កាត់បឹងរាំង រហូតដល់ពួកគេលួចបានសម្រេច។ លោកអធិការរងដដែលបានបញ្ជាក់ថា ក្រោយពីបាត់ស្លាកលេខរថយន្តមក ជនរងគ្រោះដែលជាម្ចាស់រថយន្តបានមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងឡំប្រឺតាមួយគ្រឿងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។
ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញបានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀតដែលជាអ្នកសមគំនិតលួចនិងជាអ្នកលួច រួចបន្តស្រាវជ្រាវរហូតឃាត់បានជនសង្ស័យម្នាក់ទៀតជាអ្នកទទួលផលចោរកម្មនៅម្ដុំស្ពានដែកក្នុងសង្កាត់ដង្កោ ខណ្ឌខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
បច្ចប្បន្នជនសង្ស័យទាំង៦នាក់នោះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា