ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំតស៊ូប្រឹងប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់យកនូវវត្ថុបុរាណនានា ឱ្យបានចូលមាតុភូមិវិញ !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំតស៊ូប្រឹងប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ហើយត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ឱ្យបានវិលចូលមាតុភូមិវិញ។ ជាក់ស្តែង វត្ថុបុរាណដែលទទួលបាននាពេលនេះបានឆ្លុះបញ្ចាំងនូវសមិទ្ធផលថ្មីបន្ថែមទៀ់តក្នុងបេសកកម្មដ៏មានតម្លៃនេះ។

លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានផុ្តល់កិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយឱ្យដំណើរទទួលបានវត្ថុបុរាណបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ កាយវិការដ៏ប្រពៃនេះសរបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង២ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការដែលមានសារៈសំខាន់សម្រាប់ថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិរៀងៗខ្លួន។

លោកបានលើកឡើងថា, កន្លងមក ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលជាបន្តបន្ទាប់នូវវត្ថុបុរាណជាច្រើនត្រលប់មកពីចក្រភពអង់គ្លេស ដូចជាគ្រឿងអលង្ការមាស សម័យអង្គរ និងវត្ថុបុរាណដទៃផ្សេងទៀត ក៏ដូចជាបានទទួលពីបណ្តាប្រទេសនានាមានជាអាទិ័ សហរដ្ឋអាមេរិក ជប៉ុន ថៃជាដើម។ ការវិលត្រលប់មកកាន់មាតុភូមិវិញ មិនត្រឹមតែជាក្តីសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរតែប៉ុណ្ណោះទេ តែក៏ជាការបង្ហាញនូវការទទួលបាននូវដួងព្រលឹងជាតិមួយ ដែលបានបាត់បង់ដោយសារមូលហេតុផ្សេងៗក្នុងអតីតកាល មកគង់ប្រថាប់ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញ៕


ដោយ ៖ សិលា


ចែករំលែក៖