ខេត្តស្ទឹងត្រែង៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ ក្នុងបរិបទកូវីដ-១៩ នៅថ្ងៃ ០១ ខែ តុលា ឆ្នាំ២០២១ នេះលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះចំនួន ៤០៣ គ្រួសារ មកពីឃុំ ព្រះរំកិល ស្ថិតក្នុងស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្នុងកម្មវិធីនេះក៏មានការចូលរួមអមដំណើរដោយ លោកអភិបាលស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប ។
បើតាមការបញ្ចាក់ពី លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានឲ្យដឹងថា: ប្រជាពលរដ្ឋ ទាំង៤០៣គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាពេលនេះ គឺភាគច្រើន ជាស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាក ពិសេសក្នុង បរិបទ ជំងឺកូវីដ-១៩។ ដោយ អំណោយដែលបាននាំយកទៅចែកជូននាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន : អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកម៉ុម សារឿន អភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និង គោរពឲ្យបាននូវ វិធានការសុខាភិបាល ៣ ការពារ ៣ កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ ជំងឺកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង ក៏ដូចខេត្តស្ទឹងត្រែងយើងដែលកំពុងតែរងគ្រោះនូវជំងឺនេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលការចាប់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសបានការឆ្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ទាំងមូល នឹង បន្តការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ក្នុងរដូវរស្សា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល នឹងក្នុងប្រទេសកម្ពុជាយើង៕
ដោយ៖ មាស សុផាត