ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងរុស្ស៉ី៖​ ដើម្បីគូសបញ្ជាក់ពីភាពច្បាស់លាស់ក្នុងការគ្រប់គ្រងអាវុធ​ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​៖​ សហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយថា ប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាប្រកបដោយភាពច្បាស់លាស់ និងល្អិតល្អន់នៅក្នុងកិច្ចប្រជុំលើកទី ២ ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹង រវាងមហាយក្សនុយក្លេអ៊ែរទាំង២ និងអនាគតនៃការគ្រប់គ្រងអាវុធ។

សូមជម្រាបថា​ នៅក្នុងជំនួបជាលើកទី២ រៀបចំឡើងក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍ទី៣០​ ខែកញ្ញាម្សិលមិញនេះ​ សហរដ្ឋអាមេរិក និងរុស្ស៊ី​ ក៏បានឯកភាពគ្នាផងដែរថា នឹងបង្កើតក្រុមការងារចំនួន ២ ដែលនឹងកោះអញ្ជើញភាគីទី ៣ ឱ្យចូលរួមក្នុងកិច្ចប្រជុំបន្ទាប់។ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់នៃការរៀបចំ កិច្ចប្រជុំមានភាគីទី ៣ ចូលរួមដូចបានលើកឡើងនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ពូទីន កាលពីខែមិថុនាកន្លងទៅ ក៏ធ្លាប់ជួបពិភាក្សាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសផងដែរ ជាទីដែលមេដឹកនាំកំពូលទាំង ២ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង គ្រប់អាវុធនុយក្លេអ៊ែរនៅពេលអនាគត។ ដោយ​ឡែក​សហរដ្ឋអាមេរិក និងរុស្ស៊ី​ មានអាវុធនុយក្លេអ៊ែរតំណាងឱ្យ ៩០ភាគរយ នៃអាវុធនុយក្លេអ៊ែរសរុបនៅលើពិភពលោកផងដែរ៕ដោយ​៖ស​ តារា​

លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក (ខាងឆ្វេង) ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។រូបភាព៖ Twitter-ក្រសួងការបរទេសរុស្ស៊ី


ចែករំលែក៖