ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំសហការី ចុះជួបសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគល់ជូនដល់គណៈគ្រប់គ្រប់ និងក្មួយៗ កុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹម នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ បានពានាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ។
ជាមួយគ្នាផងដែរ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំ មើលថែក្មួយៗ តូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ចំណេះធ្វើ ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគត និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត ហើយត្រូវអនុវត្តឱ្យបាន នូវការការពារសុខភាព ពីជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្ត ដ៏ស័ក្តិសិទ្ធិ របស់សម្តេចតេជោ ក្នុងការរួចផុតពីការវាយប្រហារ ពីមេរោគកូវីដ-១៩ ដ៏សាហាវនេះ ជាពិសេសជាងនេះទៀតនោះ សូម លោកគ្រូ អ្នកគ្រូ នាំក្មួយៗ ទាំងនេះ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ ១២ឆ្នាំ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។
គួរបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនសមាគមរួមមាន៖ អង្ករចំនួន ២តោន, មី២០កេស, ត្រីខកំប៉ុង៥កេស ,ប្រេងឆា ៤កេស ,ទឹកត្រី ៥យួរ ,ទឹកស៊ីអ៊ីវ ៥យួរ ,ទឹកសុទ្ធចំណុះ២០លីត្រ ២០ដបធំ, ទឹកក្រូច ៥កេស ,អាល់កុល ១កាន ,ម៉ាស់ ១កេស និងថវិកាចំនួន ៥លានរៀល។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូ ចំនួន៦ នាក់ ក្នុង១នាក់ ១០ម៉ឺនរៀល និងក្មួយៗ សិស្សានុសិស្ស ចំនួន ៥០នាក់ ក្នុង១នាក់ ថវិកា ២ម៉ឺនរៀលផងដែរ៕
ដោយ៖សហការី