ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​សុខាភិបាល​ថៃ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩​ ជាង១ម៉ឺន​នាក់បន្ថែមទៀត​,ខណៈ​អ្នកជំងឺ ៧៧នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរ​មូលដ្ឋាន​ បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៨២៨ករណីបន្ថែមទៀត ,ខណៈអ្នកជំងឺចំនួន ៧៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

ក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,៧២៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១០៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ១១,៨៩៤នាក់ផ្សេងទៀត ក្រោយព្យាបាលជាសះស្បើយ​ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា ប្រទេសថៃ គិតត្រឹមពេលនេះ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥១.៧៩លានដូស ក្នុងនោះប្រជាជន ១៩.៣៨លាននាក់ (២៧.៧១% នៃចំនួនប្រជាជានសរុប) បានទទួលការចាក់គ្រប់ដូស។ ដោយឡែក​សម្រាប់​ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ​ មានចំនួន ១,៦៣៧,៤៣២ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,០១៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៥០៨,១៦៧នាក់៕ដោយ​៖ស​ តារា

រូបភាពឯកសារ៖បាងកកប៉ុស្ដិ៍


ចែករំលែក៖