ព័ត៌មានទាន់ហេតុការណ៍៖

មិនគួរឲ្យជឿទេតារាសាច់ដុំនិងជាអ្នកនិពន្ធ លោក ហង្ស អច្ឆរិយា ទទួលមរណភាពព្រោះតែជំងឺកូវីដ-១៩

ចែករំលែក៖

     ខេត្តបាត់ដំបង៖ ធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈជាច្រើនសោកស្តាយ និងភ្ញាក់ផ្អើលមិនគួរឱ្យជឿក្រោយពីគេទទួលបានដំណឹងថាលោក ហង្ស អច្ឆរិយាដែលជាតារាសម្តែង និងជាអ្នកនិពន្ធប្រលោមលោកម្នាក់ ដែលទទួលមរណភាពនៅថ្ងៃនេះ ព្រោះតែជំងឺកូវីដ-១៩។ នេះបើយោងគណនីហ្វេសប៊ុករបស់លោក ម៉ាចាន់បញ្ញា ដែលទើបនឹងបង្ហោះនៅព្រឹកមិញនេះ។

គេចាំបានដែរថា លោក ហង្ស អច្ឆរិយា ធ្លាប់បានសម្តែងក្នុងភាពយន្ត និងបទចម្រៀងមួយចំនួនសម្រាប់ផលិតកម្មហង្សមាសជាដើម ដែលភាគច្រើនលោកនិយមលេងខ្លួនបែបសិចស៊ីដោះអាវនោះ។ លោកក៏ជាអ្នកនិពន្ធប្រលោមលោកម្នាក់ ហើយប៉ុន្មានថ្ងៃមុននេះលោកបានទៅសម្រាកព្យាបាលជំងឺកូវីដ-១៩នៅទីរួមខេត្តបាត់ដំបងហើយពេលនេះគេបែជាទទួលបានដំណឹងដ៏ក្រៀមក្រំនេះទៅវិញ។ 

តារាចម្រៀងម៉ា ច័ន្ទបញ្ញា បានសរសេរថា បងអើយ  បងមានក្ដីសុបិនច្រើនណាស់។  ពីមុន  កាលយើងជាសិក្ខាកាមផ្នែកនិពន្ធជាមួយគ្នា  បងតែងសរសើរខ្ញុំថា  ជាមនុស្សល្អគ្រប់ដប់។   ព្រោះតែជីវភាពទើបដំណើរជីវិតបងប្រែប្រួលបែបនេះ។

បង  Hang Achariyaជាអ្នកនិពន្ធម្នាក់  ខ្ញុំចាំឈ្មោះដើមគាត់គឺ  ហង្ស  បូរិន  ជាអ្នកនិពន្ធម្នាក់ ដែលសម្បូរគំនិតច្នៃប្រឌិត។ ខ្ញុំធ្លាប់មានក្ដីស្រមៃមួយយករឿងគាត់  ធ្វើការជាមួយគាត់  ថតកុន  តែពេលនេះ  បងទៅចោលខ្ញុំហើយ។ខ្ញុំមានការសង្វេគក្នុងចិត្តណាស់។ ប្រហែលបងខ្វះខាត ពេកហើយ  ទើបបងក៏ធ្លាប់ពឹងពាក់លុយកាក់ខ្ញុំដែរ។  រឿងដែលស្មានមិនដល់  គឺខ្ញុំមិននឹកស្មានថា  គាត់ខ្វះដល់ម្លឹង។  កាលណោះ  ខ្ញុំនៅតែចាំគាត់  ខ្ញុំនៅតែសួរគាត់ថា  សៀវភៅរឿងបងអង្កាល់ចេញ ។ ខ្ញុំអាចសូមចូលទុនបានអត់។ ខ្ញុំស្រឡាញ់សមត្ថភាពគាត់ណាស់  តែពេលវេលាគាត់ខ្លីម្ល៉េះ? សូមបងទៅកាន់ឋានផុតទុក្ខទាំងឡាយផង។ ជាតិក្រោយ  សូមបង  សម្រេចក្ដីសុបិនបងជាតារាសម្ដែងនិងអ្នកនិពន្ធ។

លោក ហង្ស វិទូដែលជាប្អូនប្រុសបង្កើតរបស់តារាសម្តែងរូបនេះ បានសរសេរថា ខ្ញុំពិតជាខ្លោចចិត្ត និងឈឺចិត្តរកអ្វីមកបរិយាយមិនបានឡើយ។ ខ្ញុំបានបាត់បង់បងប្រុសបង្កើតម្នាក់ដែលខ្ញុំស្រលាញ់ និងអាណិតជាងជីវិតខ្លួនឯងទៅទៀត។ កូវីដបានប្រល័យជីវិតបងមិនដល់៥ថ្ងៃផង។ អនុស្សាវរីយ៍ប្រៃល្វីង ជូរចត់ កំសត់កាត់ត្រើយតាំងពីក្មេងមក ខ្ញុំនឹងចងចាំដល់ថ្ងៃស្លាប់។ ខ្ញុំនឹងបំពេញការងារដែលនៅសេសសល់របស់បងឲ្យចប់ចុងចប់ដើម។ លាហើយបង លារហូត។ ខ្ញុំសែនខ្លោចផ្សា នឹងរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ សូម្បីពាក្យលាឬឃើញមុខគ្នាមួយភ្លេតមុនលាទៅក៏មិនអាចដែរ។ បងអភ័ព្វណាស់បង ។ មកដល់ពេលនេះ មិត្តភក្ដិជិតស្និទហាក់មិនទាន់ចង់ជឿនៅឡើយទេ ព្រោះថាវាលឿនពេក ពិតជាមិនអាទទួលបាននោះទេ ។ នេះបើយោងតាមការបង្ហោះរបស់អ្នកជិតស្និតរបស់លោក  Hang Achariya បានឱ្យដឹងថា លោកបានទទួលមរណភាពនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ដោយសារតែជំងឺកូវីដ-១៩ ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖