ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ ប្រមូលផ្ដុំ​ធ្វើបាតុកម្មទាមទារឱ្យទម្លាក់លោកប្រធានាធិបតី​ ជែ បុលសូណារ៉ូ ចេញពីតំណែង

ចែករំលែក៖

អន្តរជាតិ​៖​ ប្រធានាធិបតី ជែ បុលសូណារ៉ូ ក្រោយមានបញ្ហាទាក់ទិននឹងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត​ ត្រូវបានប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាថ្មីម្តងទៀតនៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍​ទី២ ខែតុលា ឆ្នាំ​២០២១​ ដើម្បីទាមទារឱ្យទម្លាក់ឱ្យចេញពីតំណែង។

ជាក់ស្ដែង​ក្រុមបាតុករ​ ដែលបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ បានធ្វើការបាតុកម្មនៅតាមបណ្តាទីក្រុងធំៗដូចជា៖ នៅទីក្រុង Rio de Janeiro រដ្ឋធានី Brasilia និងទីក្រុងមួយចំនួនផ្សេងទៀតក្នុងយុទ្ធនាការទាមទារឱ្យលោក ជែ បុលសូណារ៉ា ចុះចេញពីតំណែង។ បក្សនយោបាយឆ្វេងនិយមដែលជាគូប្រជែងនឹងគណបក្សនយោបាយលោក បុលសូណារ៉ូ និងសហព័ន្ធសហជីពកម្មករមួយចំនួនបានគាំទ្រដល់ការធ្វើបាតុកម្មនេះ។

បេី​យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយថា​ លោក Ciro Gomes ដែលជាអ្នកនយោបាយក្នុងស្រុក និងជាគូប្រជែងលោកប្រធានាធិបតី ជែ បុលសូណារ៉ា​ បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Rio de Janeiro។ លោកក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការតវ៉ាទម្លាក់ប្រធានាធិបតីប្រេស៊ីលរូបនេះ​ នៅទីក្រុង São Paulo ជាបន្តដែរ។ យ៉ាងណាមិញ អតីតប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva ដែលនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០២២ខាងមុខ មិនបានចូលរួមបាតុកម្មឡើយ។

សូមជម្រាបថា​ ប្រធានាធិបតីប្រេស៉ីលរូបនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនពាក់ព័ន្ធនឹងបញ្ហាជាច្រើនរួមមាន ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ក្នុងប្រទេសមិនបានល្អ និងការឡើងថ្លៃនៃតម្លៃប្រេងសាំងយ៉ាងគំហុករួមនឹងបញ្ហាផ្សេងទៀត។ បច្ចុប្បន្ន ប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងជំងីកូវីដ-១៩ជាង២១លានករណី និងមានអ្នកស្លាប់ជិត៦០ម៉ឺននាក់។

គួររម្លឹកថា សំណើបោះឆ្នោតទម្លាក់លោក បុលសូណារ៉ូ ជាង ១០០ ច្បាប់បានដាក់ជូនសភាប៉ុន្តែប្រធានសភាលោក Arthur Lira ដែលជាអ្នកគាំទ្ររដ្ឋាភិបាលលោក បុលសូណារ៉ូ បានបដិសេធមិនទទួលយកសំណើរទាំងនេះ។ ខណៈ​តុលាការកំពូលប្រេស៊ីល​ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាច្រើនទៅលើ បញ្ហានេះផងដែរ។

គួរបញ្ជាក់ថា​ នេះមិនមែនជាលើកទីមួយទេដែលប្រជាជនប្រេស៊ីលទាមទារឱ្យមានការទម្លាក់លោកប្រធានាធិបតី។ ដោយ​ឡែក​ការ​ធ្វើ​បាតុកម្មនៅថ្ងៃទី២ ខែតុលាម្សិលមិញនេះ ក៏ជាការឆ្លើយតបទៅនឹងការប្រមូលផ្តុំរបស់អ្នកគាំទ្រលោក​ ជែ បុលសូណារ៉ូ នៅថ្ងៃទី ៧ ខែកញ្ញាកន្លងទៅផងដែរ។​ ចំណែក​រដ្ឋាភិបាល​ប្រេស៊ីល នឹងរៀចំការបោះឆ្នោយជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះ​៕ដោយ​៖ស​ តារា​


ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ។ រូបថត Xinhua


ចែករំលែក៖