ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៩,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២៧,៧៧២នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩២,៣២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសារាចរមួយស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេល ឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមដោយដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។
ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេស ដើម្បីការពារអាយុជីវិត និង សុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ,ក្រសួងទេសចរណ៍ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល បានចេញសារាចរ ដើម្បីឲ្យមានវិធានការក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ covid 19 ជាបន្តបន្ទាប់ ដើម្បីអាយុជីវិតប្រជាពលរដ្ឋជាជនរួមជាតិ៕
ដោយ៖ សិលា