ខេត្តកំពង់ធំ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់អោយដឹងថា, លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ៦០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបថា គ្រួសារអតីតយុទ្ធជនខេត្តកំពង់ធំ មាន ១៨១គ្រួសារដែល ១៤១គ្រួសារ មានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះ ហើយពួកគាត់ទើបបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កន្លងទៅថ្មីៗនេះស្ថិតនៅឃុំក្រយា ស្រុកសន្ទុក និង៤០គ្រួសាររស់នៅឃុំត្រពាំងប្ញស្សី និងមានប្រជាបលរដ្ឋខ្វះខាតចំនួន២០គ្រួសារផងដែរ។
លោក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រមទាំងកោតសរសើរ និងអរគុណដល់ទឹកចិត្តរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាដែលបានរួមចំណែកជាមួយសម្តេចតេជោ និងឥស្សរជនទាំងអស់ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។
លោកបន្តទៀតថា ការធ្វើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គឺជាកាងាររបស់យើងទាំងអស់ ដែលត្រូវដែរយកចិត្តទុកដាក់មិនអាចមើលរំលងបាន ហើយក្នុងនាមយើង ទាំងអស់គ្នាជាសមាជិក សមាជិការរបស់ គណៈកម្មាធិការ របស់កាកបាទក្រហម គឺដាច់ខាតត្រូវតែចុះដោយផ្ទាល់ទៅដល់មូលដ្ឋានដែលបងប្អូនជួបទុក្ខលំបាក ពិតប្រាកដ គឺមិនអាចទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះគ្មានម្ហូបអាហាររឺរងគ្រោះផ្សេងៗដោយគ្មានថ្នាក់ដឹកនាំមិនដឹង រឺមិនអើពើនោះឡើយ។
លោក សុខ លូ បានផ្តាំផ្ញើឲ្យគណកម្មកាទាំងអស់សូមបន្តជួយគាត់ដើម្បីឲ្យជីវភាពគាត់ប្រសើរឡើងទាំងបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ និងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ សូមពុកម៉ែបងប្អូនកុំខ្ជិលត្រូវឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ដាំដុះចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាព ចំពោះបងប្អូនដែលបានដីហើយសូមកុំឲ្យលក់ដីនោះឲ្យសោះ។
ជាមួយគ្នានោះដែរ លោក សុខ លូ បានបញ្ជាក់ថា នេះគឺជាបេសកកម្មចុងក្រោយដែលខ្ញុំត្រូវទៅទទួលភារកិច្ចថ្មីជាអភិបាលខេត្តបាត់ដំបងនាពេលដ៏ខ្លីខាងមុខនេះ។
ចំពោះអំណោយនាំយកទៅផ្តល់ជូន នៅពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ៕
ដោយ ៖ សិលា