ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខUNថា៖ប្រកាន់ឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្មភាពយោធា

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពី​កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះដោយបានចោទប្រកាន់ថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាន់ឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្មភាពយោធានៃបណ្ដារដ្ឋជាសមាជិក UN។

បេី​តាមប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង លោក Jo Chol Su បាននិយាយថា៖​ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានបង្ហាញយ៉ាងច្បាស់ថាស្ថាប័នកំពូលមួយនេះប្រកាន់ឥរិយាបថស្ដង់ដារពីរ ដ្បិតបានប្រងើយកន្តើយចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក រួមទាំងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងត្បូង តែបែររិះគន់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងទៅវិញ។ បន្ថែមពីនេះ​លោកប្រធាននាយកដ្ឋានអង្គការអន្តរជាតិរូបនេះ បន្តថា​ ការធ្វើតេស្ដមីស៊ីល របស់កូរ៉េខាងជើងគឺជាសកម្មភាពការពារខ្លួនសុទ្ធសាធ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ តបតាមសំណើររបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃដើម្បីពិភាក្សាគ្នាពីការធ្វើតេស្ដបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ៕

ដោយ៖ស​ តារា(រូបភាព​៖ឯកសារ​ ទីភ្នាក់ងារព័ត៌មាន KCNA)


ចែករំលែក៖