ប្រទេសថៃ ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចាត់ លោក ធុច ដាលីន អគ្គទីប្រឹក្សា និង លោក ចិន សំណាង អនុព័ន្ធការងារប្រចាំស្ថានទូត នាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅ ប្រគល់ជូនតំណាងរបស់បងប្អូនពលករខ្មែរនៅផ្លូវផេតប៊ុរី១៧, សង្កាត់ផៈយ៉ាថៃ, ខ័ណ្ឌរ៉ាតឆៈថេវី, រាជធានីបាងកក ដើម្បីនាំយកទៅចែកជូនបន្តដល់បងប្អូនពលករ សរុប ៩៣ គ្រួសារ ដែលរស់នៅ ខេត្តណៈខនប៉ៈធុម ១៤ គ្រួសារ, សមុទ្រប្រាកាន ៣៨ គ្រួសារ, ឈុនប៊ុរី ៤ គ្រួសារ និងទីក្រុងបាងកក ៣៧ គ្រួសារ។
សូមបញ្ជាក់ថា បងប្អូនពលករខ្មែរទាំងនេះ សុទ្ធសឹងជាអ្នកដែលជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ, ខ្លះមានឆ្លងជំងឺកូវីដ-១៩ និងមួយចំនួនទៀត ជាប់ធ្វើចត្តាឡីស័កមិនអាចទៅធ្វើការបាន។
ដោយឡែកនៅកម្ពុជា , បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី០៣ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១៩៩នាក់(PCR) ខណៈឣ្នកជាសះស្បើយចំនួន ៤៩០នាក់ និងករណីស្លាប់ ២៣នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ១៩៩នាក់ទៀត ជាសះស្បើយ ៤៩០នាក់ និងស្លាប់ ២៣នាក់៖
– ករណីឆ្លងសហគមន៍ ១៥៥នាក់
– អ្នកដំណើរពីបរទេស ៤៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១
– អ្នកឆ្លងសរុប=113,256 នាក់
– អ្នកជាសះស្បើយ=104,408 នាក់
– អ្នកស្លាប់=2,383 នាក់៕
ដោយ ៖ សិលា