ព័ត៌មានទាន់ហេតុការណ៍៖

មាន់ខ្នាយមាសទទួលបាន៣ពិន្ទុ ខណៈហង្សក្រហមនិងមេឃខៀវបានត្រឹមស្មើគ្នា

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានទទួលជ័យជម្នះលើក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៧ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។ ចំណែកក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool និងក្រុមមេឃខៀវ Manchester City បានត្រឹមលទ្ធផលស្មើគ្នា២ទល់២។

ក្រុមមាន់ខ្នាយមាស Tottenham បានរកគ្រាប់បាល់នាំមុខមុន១គ្រាប់ទៅលើក្រុម Aston Villa នៅនាទីទី២៧ ដោយកីឡាករ Højbjergហើយលទ្ធផលនេះបានរក្សាលទ្ធផលរហូតដល់ចប់តង់ទី១។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Aston Villa រកបាន១គ្រាប់សងវិញនៅនាទីទី៦៧ ដោយកីឡាករ Watkins ប៉ុន្តែនៅនាទីទី៧១ កីឡាករ Targettរបស់ក្រុមភ្ញៀវ Aston Villa បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង ដែលជាគ្រាប់បាល់សំណាងរបស់ក្រុមម្ចាស់ផ្ទះ Tottenham។លទ្ធផលនេះធ្វើឲ្យក្រុមម្ចាស់ផ្ទះ Tottenham ហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៨ មាន១២ពិន្ទុក្នុង៧ប្រកួតកន្លងមក ខណៈដែលក្រុម Aston Villa បានឈរចំណាត់ថ្នាក់លេខ១០បណ្តោះអាសន្នក្នុងតារាង Premier League ។ ក្រុម Tottenham នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Newcastle United នៅថ្ងៃទី១៧ ខែតុលាខាងមុខ ខណៈដែលក្រុម Aston Villa នឹងត្រូវប៉ះក្រុម Wolverhampton នៅថ្ងៃទី១៦ ខែតុលាសម្រាប់ការប្រកួតសប្តាហ៍ទី៨ នៅលីគកំពូលអង់គ្លេស។

ចំណែកក្រុមខ្លាំងទាំង២ គឺក្រុមហង្សក្រហម Liverpool និងក្រុមមេឃខៀវ Manchester City បានប្រកួតគ្នាត្រឹមលទ្ធផលស្មើគ្នា២ទល់២ កាលពីយប់មិញ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះហង្សក្រហមរកបានដោយកីឡាករ Mané នៅតង់ទី២ នាទីទី៥៩ និង១គ្រាប់ទៀតរកបានដោយកីឡាករ Mohamed Salah នៅនាទីទី៧៦ ក្រោយពីកីឡាករ Fodenរបស់ក្រុម Man City រកបាន១គ្រាប់នៅនាទីទី៦៩ ហើយកីឡាករខ្សែបម្រើ De Bruyne រកបាន១គ្រាប់ទៀតនៅនាទីទី៨១ ជិតចប់ការប្រកួត។

លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool និងក្រុមមេឃខៀវ Man City នៅតែរក្សាបាននៅតំបន់ Top 4 ដដែលដោយក្រុម Liverpool បន្តឈរចំណាត់ថ្នាក់លេខ២ មាន១៥ពិន្ទុ ខណៈដែលក្រុម Man City ឈរចំណាត់ថ្នាក់លេខ៣ មាន១៤ពិន្ទុបណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសសម្រាប់សប្តាហ៍ទី៧នេះ។

ការប្រកួតសម្រាប់សប្តាហ៍ទី៨ សម្រាប់ក្រុម Liverpool នឹងត្រូវប៉ះក្រុម Watford នៅថ្ងៃទី១៦ ខែតុលា ខណៈក្រុម Man City នឹងត្រូវប៉ះក្រុមភ្ញៀវ Burnley នៅថ្ងៃទី១៦ ខែតុលាដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖