ព័ត៌មានទាន់ហេតុការណ៍៖

លិខិតស្នើសុំការបំភ្លឺរបស់អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនលោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយក នៃសារព័ត៌មាន ដឺហ្គាឌីយែន (the Guardian) !

ចែករំលែក៖

ភ្នំពេញ៖ លិខិតស្នើសុំការបំភ្លឺរបស់ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនលោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយក នៃសារព័ត៌មាន ដឺហ្គាឌីយែន (the Guardian)។ នេះបើយោងតាមលិខិតដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដែលបញ្ជាក់យ៉ាងដូច្នេះថា, លោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយក សារព័ត៌មាន ដឺហ្គាឌីយែន (the Guardian) ឃីង ផ្លេស ៩០ យ៉ក វ៉ ទីក្រុងឡុងដ៍ N1 9GU ចក្រភពអង់គ្លេស ជូនចំពោះ លោកស្រី និពន្ធនាយក។

ខ្ញុំសរសេរលិខិតនេះដើម្បីសុំការបំភ្លឺពីលោកស្រី ទាក់ទងទៅនឹងអត្ថបទដែលបានចុះផ្សាយតាមប្រព័ន្ធ អនឡាញ ក្រោមចំណងជើង “ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតីស៊ីព្រ ត្រូវបានចោទ ប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរបស់និរទេសជនរុស្ស៊ី» ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលេណា ស្មីត (Helena Smith)។ កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា៖ “…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេស ស៊ីព្រ»។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន។

ការផ្សាភ្ជាប់ជីវិតសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយជីវិតប្រជាជនយើង នៅគ្រប់កាលៈទេសៈ គឺគ្មានការមន្ទិលសង្ស័យនោះទេ ហើយស្មារតីស្នេហាជាតិរបស់សម្ដេច គឺដាច់ខាតមោះមុតណាស់ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាជនជាតិខ្មែរម្នាក់ដែលមានមោទនភាពនិងសេចក្ដីថ្លៃថ្នូរ និងជារដ្ឋបុរសដ៏ គួរឱ្យគោរព ដែលទទួលបានការគាំទ្រដ៏ច្រើនលើសលប់នៅទូទាំងប្រទេស។ ដូច្នេះវាមិនសមហេតុផល ទាល់តែសោះ ដែលគិតថាសម្ដេចត្រូវការសញ្ជាតិឬលិខិតឆ្លងដែនពីបរទេសនោះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីអាយុ១៨ឆ្នាំ បានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការ ប្រយុទ្ធប្រឆាំងជាមួយពួកចក្រព័ត្រនិយម និងរំដោះកម្ពុជាពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលះបង់ជីវិតរបស់សម្ដេចដើម្បីព្យាបាលប្រទេសជាតិពី មុខរបួសនៃជម្លោះផ្ទៃក្នុងដែលមានអាយុកាលរាប់ទសវត្សរ៍កន្លងមកហើយ និងដើម្បីធានាឱ្យប្រទេសកម្ពុជាមួយ ដែលរក្សាបាននូវការឯកភាពជាតិ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងទទួលបានផ្លែផ្កាពីការតស៊ូ ដែលនាំទៅដល់ជ័យជំនះនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលប្រជាជន នៅទូទាំងប្រទេសកំពុងទទួលបានការរីកចម្រើន សម្បូរណ៍សប្បាយនៅក្នុងសន្តិភាព ស្ថិរភាព និងសន្តិសុខ ហើយជាប្រការដែលមិនអាចនឹកស្មានដល់ថាអាចមានរឿងបែបនេះកើតមានចំពោះសម្តេច ដែល ឈ្មោះសម្ដេចមាននៅក្នុងបញ្ជីមនុស្សដែលទទួលបានលិខិតឆ្លងដែនបរទេស។

អាស្រ័យហេតុនេះ ខ្ញុំសូមរវាយតម្លៃខ្ពស់ចំពោះលោកស្រី បើប្រសិនលោកស្រីអាចផ្ទៀងផ្ទាត់ពីភាពត្រឹម ត្រូវនៃព័ត៌មាននៅក្នុងអត្ថបទខាងលើ និងធ្វើការកែតម្រូវការអះអាងមិនពិតនេះ។ បញ្ហានេះ មានសារៈ សំខាន់ណាស់ក្នុងការលើកកម្ពស់ មិនត្រឹមតែសេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ថ្នាក់ដឹកនាំជាតិរបស់ យើងខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកំពស់ភាពជឿជាក់ចំពោះវិជ្ជាជីវៈ និងសុច្ចរិតភាពរបស់សារ ព័ត៌មាន ដឺហ្គាឌីយែន ផងដែរ។
សូមលោកស្រី ទទួលនូវការរាប់អានពីខ្ញុំ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖