ភ្នំពេញ៖ ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន សូមប្រកាសគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលើកឡើងថា មុខតំណែងជាមេដឹកនាំស្ថាប័នកំពូលទាំង៤របស់ជាតិគឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ របស់ជាតិត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់ ។
ក្នុងនាមក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ទាំងមូល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់នេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្ដេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែក ពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុម ប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕
ដោយ៖ សុខ ខេមរា