ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃដំបូងនៃឱកាសបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរជាង៧,០០០នាក់ ចូលមកកម្សាន្តនៅមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្បួនរថយន្តអ្នកទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់បានសម្រុកចូលមកខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃ០៥ ខែតុលា ហើយរហូតមកដល់ព្រឹកថ្ងៃទី០៦ តុលានេះ សង្កេតឃើញថា នៅតាមគោលដៅនានាក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរយ៉ាងច្រើនមកម្សាន្តលំហែអារម្មណ៍ ខណៈចំនួនអ្នកទេសចរដ៏ច្រើននេះ គឺមិនធ្លាប់មានទេនៅក្នុងឆ្នាំ២០២១ ដែលជាដំណាក់កាលជំងឺកូវីដ១៩ រាតត្បាត។

យោងតាមទិដ្ឋភាពជាក់ស្ដែង អ្នកទេសចរបានទៅលេងនៅតាមគោលដៅផ្សេងៗគ្នា មានដូចជាភ្នំដោះក្រមុំ ថតរូបអនុស្សាវរីយ៍នៅចំណុចរង្វង់មូលគោព្រៃ ទៅកម្សាន្តនៅសមុទ្រឈើ ហើយនៅតាមរមណីយដ្ឋានទេសចរណ៍នានាទៀត ក៏មានអ្នកទេសចរបានទៅដល់គ្រប់កន្លែង គ្រាដែលរដ្ឋបាលខេត្តមណ្ឌលគិរី បានដាក់ដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ បន្ទាប់ ពីបិទដំណើរការមួយរយៈពេលវែង ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងថា គិតត្រឹមមួយថ្ងៃម្សិលមិញជាថ្ងៃទី១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គឺមានអ្នកទេសចរប្រមាណ ៧,២៣៣នាក់ ចូលមកលេងនៅខេត្តមណ្ឌលគិរី ជាចំនួនច្រើនខ្លាំងណាស់ បើធៀបនិងភ្ជុំបិណ្ឌឆ្នាំមុន ព្រោះកើនឡើងរហូតដល់ទៅ ១៧៤,០៨% ក្នុងនោះក៏មានភ្ញៀវអន្តរជាតិប្រហែលជាង១០០នាក់ផងដែរ បានដើរលេងកម្សាន្ត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បន្តថា សម្រាប់តាមរមណីយដ្ឋានទាំងអស់ មន្ទីរបានតម្រូវឲ្យអនុវត្តដាច់ខាតចំពោះវិធានការសុវត្ថិភាពផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយភ្ញៀវទេសចរតម្រូវឲ្យពាក់ម៉ាស់គ្រប់គ្នាពេលចូលទៅក្នុងរមណីយដ្ឋាន អ្នកមិនពាក់ម៉ាស់មិនឲ្យចូលដាច់ខាត ហើយសង្កេតឃើញថា ភ្ញៀវទេសចរមានការយល់ដឹង និងបានអនុវត្តតាមវិធានសុវត្ថិភាពច្រើន ប៉ុន្តែឃើញមួយចំនួនក៏ពួកគាត់ដោះម៉ាស់ចេញរយៈពេលខ្លីនៅពេលថតរូប ក្រោយពេលថតរូបហើយពួកគាត់ពាក់ម៉ាស់ធម្មតាវិញ។

លោក ងិន សុវិមាន បញ្ជាក់ថា សម្រាប់សណ្ឋាគារ-រីសត ក្នុងខេត្តមណ្ឌលគិរី ត្រូវភ្ញៀវទេសចរចូលសម្រាកពេញបន្ទប់អស់ហើយ នៅសល់បន្ទប់ផ្ទះសំណាក់ខ្លះប៉ុណ្ណោះ។ ហើយតាមការពិនិត្យមើលជាក់ស្ដែង ម្ចាស់អាជីវកម្មដែលទទួលអ្នកទេសចរក៏មានការប្រុងប្រយត្នខ្ពស់អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ផងដែរ ។សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីកាលពីអំឡុងដើមឆ្នាំ២០២០នៅមានអ្នកទេសចរច្រើនមកកម្សាន្តជាធម្មតា ប៉ុន្តែក្រោយពីពេលនោះមក ជំងឺកូវីដ១៩បានរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យចំនួនអ្នកទេសចរធ្លាក់ចុះរហូត ទើបតែបុណ្យភ្ជុំបិណ្ឌនេះទេ ដែលខេត្តមណ្ឌលគិរីមានអ្នកទេសចររហូតជាង៧,០០០នាក់បានចូលមកកម្សាន្ត ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ៕

ដោយ៖ សូរិយា


ចែករំលែក៖