ប្រទេសថៃ ៖ កម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ទៀត តាមគោលដៅចំនួន៣ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណ:ដែលពួកគេខ្លះបម្រុងរកច្រកចេញមកកម្ពុជាវិញ និងខ្លះទៀតកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ។
ការឃាត់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ សហការជាមួយតម្រួតការពារព្រំដែនថៃ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងរដូវកាល ការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លា ។
តាមប្រភពបានឲ្យដឹងថា នៅគោលដៅទី១ បន្ទាប់ពីមានការសង្ស័យកម្លាំងការពារព្រំដែនថៃបានឃាត់រថយន្តមួយគ្រឿង ដែលកំពុងបើកបរលើកំណាត់ផ្លូវលេខ ៣០៨៥ ហើយត្រួតពិនិត្យឃើញថា អ្នកបើកបររថយន្តនេះគឺជាជនជាតិថៃ ឯអ្នកជិះខាងក្នុងចំនួន ៣ នាក់ (ស្រី១) គឺជាពលករខ្មែរ ដែលត្រឡប់មកពីទីក្រុងបាងកក និងបម្រុងរថយន្តដឹកទៅទម្លាក់នៅក្នុងភូមិសាស្ត្រ ណងច័ន្ទ ។
ចំណែកគោលដៅទី២ គឺកម្លាំងយោធាថៃ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ៤ នាក់ (ស្រី១) នៅចំណុចច្រកទ្វារទី១ មុខផ្សារ ហ្គូលដិនកេត ក្នុងឃុំអារញ្ញប្រាថេត ដែលកំពុងរង់ចាំរករថយន្តបន្តដំណើរចូលទៅរកការងារធ្វើដោយខុសច្បាប់ នាទីក្រុងបាងកក។ ដោយឡែកគោលដៅទី៣ ត្រូវបានឃាត់ខ្លួនពលករខ្មែរ បន្ថែម ៤ នាក់ទៀត (ស្រី២) នៅក្នុងចម្ការអំពៅ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ដែលបានលបឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ។
ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នពលករខ្មែរទាំង ១១ នាក់ ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេត ដើម្បីសាកសួរតាមនីតិវិធី ៕
ដោយ៖ ប្រាថ្នា