ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ជាង ២ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

មណ្ឌលគិរី ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៥ដល់៧ ខែតុលា ឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនសរុប ២៣,៣២៣នាក់ កើន ៨១,៨៨%(ឆ្នាំ២០២០ ទេសចរសរុប ១២,៨២៣នាក់) ក្នុងនោះ ទេសចរជាតិ ២៣,០២០នាក់ កើន ៨២,៧៧% (ឆ្នាំ២០២០ ទេសចរជាតិសរុប ១២,៥៩៥នាក់) ទេសចរបរទេស សរុប ៣០៣នាក់ កើន ៣២,៨៩% (ឆ្នាំ២០២០ ទេសចរបរទេសសរុប ២២៨នាក់) នេះបើតាមរបាយការណ៍របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់រលឹមស្រិចៗ និងមានការចុះអ័ព្ទផងដែរ។ លោក បានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

 ដោយឡែក ចំពោះភ្ញៀវទេសចរ សង្កេតឃើញថា ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ និងរក្សាគម្លាតបានត្រឹមត្រូវ។  ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕

ដោយ៖ សូរិយា


ចែករំលែក៖