ភ្នំពេញ ៖ នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានកត់សំគាល់ជាមួយនឹងមោទនភាពដ៏ក្រៃលែងដែលឃើញថា ស្មារតីជាតិនិយម របស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានបានផុសឡើងយ៉ាងក្លៀវក្លា ចូលរួមយ៉ាងផុសផុលគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់អ្នកនយោបាយដែលប្រាថ្នាក្លាយជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ប្រទេសជាតិ។ នេះគឺជាការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយរៀបចំអនាគតដ៏ប្រសើរ សម្រាប់ជាតិនិងប្រជាជនកម្ពុជា មិនត្រឹមតែសម្រាប់បញ្ជាក់នូវភក្តីភាពចំពោះប្រទេសជាតិ លើសពីនេះ គឺដើម្បីបញ្ចៀសបាននូវការជ្រៀតជ្រែករបស់បរទេសមកលើកិច្ចការប្រទេសជាតិផងដែរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ជាង២០០០ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជាក្រោមសម័យកាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវភាពរឹងមាំ ភាពម្ចាស់ការ ភាពវាងវៃ និងសេចក្តីក្លាហាន ក្នុងការផ្តួចផ្តើមរៀបចំច្បាប់សម្រាប់ថែរក្សាប្រទេសជាតិជាទីស្នេហា ឱ្យគេចផុតពីការជ្រៀតជ្រែក ការបំបែកបំបាក់ និងការបំផ្លិចបំផ្លាញពីសំណាក់ឥទ្ធិពលនិងមនោគមន៍វិជ្ជាបរទេស។ យើងទាំងអស់គ្នាធ្លាប់បានដឹងហើយថា ពីអតីតកាលរាប់រយឆ្នាំមុន ហើយបច្ចុប្បន្ននេះក្តី មានអ្នកនយោបាយខ្លះដើម្បីតែមហិច្ឆតាអំណាច ម្តងពឹងបរទេសនេះ ម្តងពឹងបរទេសនោះ ហើយអ្នកខ្លះថែមទាំងសុខចិត្តឱនក្បាលធ្វើខ្លួនជាកញ្ជះបរទេសដោយគ្មានអៀនខ្មាស អនុវត្តគ្រប់កលឧបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងធ្វើសកម្មភាពនយោបាយទុច្ចរិត ប្រមាថបង្អាប់បង្អោនកិត្យានុភាពជាតិដោយគ្មានចរិតថ្លៃថ្នូរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រពេញទំហឹងក្នុងការបញ្ចប់ «វប្បធម៌នយោបាយអន់ទាបបម្រើមនោគមន៍វិជ្ជាបរទេស» ចាប់ពីពេលនេះតទៅ។ ច្បាប់សញ្ជាតិខ្មែរតែមួយ ពិតជាមានតម្លៃបំផុតសម្រាប់អនាគតកម្ពុជារាប់រយពាន់ឆ្នាំតទៅមុខ ហើយជាដំណើរដែលស្របនឹងការអនុវត្តរបស់ប្រទេសនានាលើសកលលោក ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងសិទ្ធិស្វ័យសម្រេចនៃប្រទេសផងខ្លួន។ ច្បាប់នេះមិនប៉ះពាល់សិទ្ធិសេរីភាពនយោបាយទេ។ បុគ្គលម្នាក់ បើមិនអាចសូម្បីតែលះបង់សញ្ជាតិបរទេស ដូច្នេះច្បាស់ណាស់ បុគ្គលនោះក៏គ្មានភក្តីភាព និងភាពស្មោះត្រង់ ចំពោះជាតិនិងប្រជាជនឡើយ។ ច្បាប់នេះក៏មិនបានបង្អាក់ឬបំផ្លាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងមិត្តភាព និងការអភិវឌ្ឍនោះទេ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រការផ្តួចផ្តើមពិចារណាបន្តធ្វើច្បាប់ដទៃទៀតតាមដំណាក់កាលជាក់ស្តែង ដើម្បីកម្ពុជាមានសមត្ថភាពពង្រឹងបាននូវខឿនឯករាជ្យជាតិ ខឿនការពារជាតិ ទប់ស្កាត់បាននូវការជ្រៀតជ្រែកពីបរទេសតាមគ្រប់រូបភាពនិងតាមគ្រប់មធ្យោបាយ។ ភាពឈឺចាប់ខ្លោចផ្សាពីអតីតកាល គឺជាមេរៀនឆ្អែតឆ្អន់និងលើសពីគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា។ អំណឹះតទៅ កម្ពុជា នៃដែនដីសុវណ្ណភូមិ អាចពង្រឹងបានជាដែនដីសន្តិភាពអចិន្ត្រៃយ៍ ហើយប្រជាជនកម្ពុជាគ្រប់ៗរូបអាចដើរឆ្ពោះទៅមុខ ដោយភាពស្វាហាប់ គ្មានអារម្មណ៍ភិតភ័យបាក់ស្បាតពីឥទ្ធិពលបរទេស ហើយមានឱកាសនិងភាពជឿជាក់ពេញលេញ ក្នុងការកសាងជីវភាពគ្រួសារនិងសេដ្ឋកិច្ចសង្គម។ ស្មារតីជាតិនិយមផុសឡើងពេញផ្ទៃប្រទេសកម្ពុជា គឺជាមរតកដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងជាស្ថាបនិកបញ្ចប់ឥទ្ធិពលបរទេស។ មរតកដ៏មានតម្លៃបំផុតនាពេលនេះ នឹងបន្តដាស់ស្មារតីខ្មែរ ថា នៅពេលដែល ស្មារតីជាតិនិយមរឹងមាំ កំអែលបរទេសនិយមគឺអស់តម្លៃ និងឈានទៅសាបសូន្យ៕
ដោយ៖ សិលា