ខ្សែប្រយុទ្ធ Thomas Muller បានរកគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលពួកគេតាមពីក្រោយដើម្បីផ្តួលក្រុមរ៉ូម៉ានីក្នុងវគ្គជម្រុះ World Cup ក្នុងពូល J កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលានេះ។
កីឡាករ Ianis Hagi របស់ក្រុម Rangers បានរកគ្រាប់បាល់១គ្រាប់នាំមុខឲ្យក្រុមរ៉ូម៉ានីដ៏ភ្ញាក់ផ្អើលនៅក្នុងការប្រកួតតង់ទី១ បានតែ៩នាទីប៉ុណ្ណោះ។ ១គ្រាប់របស់ក្រុមភ្ញៀវរ៉ូម៉ានីបានបន្តរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ ឥន្ទ្រីដែកអាល្លឺម៉ង់បានបន្តវាយសម្រុកយ៉ាងខ្លាំងដើម្បីស្វែងរកគ្រាប់បាល់តាមស្មើនិងយកជ័យជម្នះ។ នៅនាទីទី៥២ កីឡាករ Serge Gnabry របស់ក្រុមអាល្លឺម៉ង់មានឱកាសរកគ្រាប់បាល់១គ្រាប់តាមស្មើវិញ ហើយនៅនាទីទី៨១ ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធ Muller បានធ្វើឱ្យម្ចាស់ផ្ទះអាល្លឺម៉ង់ទទួលជ័យជម្នះនៅចុងម៉ោងបន្ទាប់ពីកីឡាករ Leon Goretzka ទាត់បាល់ចេញពីជ្រុង។
អាល្លឺម៉ង់អាចកក់កៅអីរបស់ពួកគេនៅ World Cup នៅថ្ងៃចន្ទនេះប្រសិនបើពួកគេផ្តួលក្រុមម៉ាសេដូនៀខាងជើង និងប្រសិនបើក្រុមអាមេនីបរាជ័យក្នុងការផ្តួលរ៉ូម៉ានី។
នេះគ្រាន់តែជាលើកទី២ប៉ុណ្ណោះដែលអាល្លឺម៉ង់មិនដែលឈ្នះក្នុងការប្រកួតក្នុងផ្ទះបន្ទាប់ពីបន្តតង់ទី១ មួយទៀតគឺឈ្នះអេស្តូនី ៤-១ កាលពីខែសីហា ឆ្នាំ១៩៣៧។ ចំណែកគ្រាប់បាល់ជ័យជម្នះនេះគឺជាការប្រកួតប្រជែងចុងក្រោយរបស់ Muller សម្រាប់ប្រទេសរបស់គាត់គឺទល់នឹងអាស៊ែបៃហ្សង់កាលពីខែមីនាឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក Joachim Low ។
ក្រុមអាល្លឺម៉ង់ឈ្នះទាំង៤ ប្រកួតចាប់តាំងពីអតីតគ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick មកជំនួសលោក Low ក្រោយព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០ ។ បច្ចុប្បន្នក្រុមនេះស្ថិតក្នុងពូល J មាន៦ពិន្ទុដាច់ក្រុមលេខ២ម៉ាសេដូនៀខាងជើងដែលបានយកឈ្នះលីកថេនស្ទេន ៤-០ និងអាមេនីដែលស្មើអ៊ីស្លង់ ១-១ ខណៈការប្រកួតនៅសល់៣ប្រកួតទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)