ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ រួមជាមួយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីបង្កហិង្សាបណ្តាលឲ្យមនុស្ស៣នាក់រងរបួស។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឆន តេវីត ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រើកាំបិតនិងពូថៅ បង្កហិង្សាបណ្តាលឲ្យមនុស្ស៣នាក់របួសនិងកាប់បំផ្លាញម៉ូតូ២គ្រឿង ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១៤និង៣០នាទី នៅចំណុចក្រុមទី០៦ ស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានទំនាស់ក្លាយជាហិង្សាមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យខាងលើ ប្រើប្រាស់កាំបិតនិងពូថៅប្រព្រឹត្តទៅលើជនរងគ្រោះចំនួន ០៣នាក់ ១.ឈ្មោះ អឿន សឿ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ២.ឈ្មោះ ហ៊ត់ តាំងហី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៣.ឈ្មោះ វ៉ាន់ ភព ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឱ្យអ្នកទាំង ០៣នាក់ទទួលរងរបួស និងខូចខាតម៉ូតូចំនួន ២គ្រឿង ។
ម៉ូតូដែលត្រូវជនសង្ស័យវាយបំផ្លាញនោះគឺ ម៉ូតូ ម៉ាកហុងឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨, -និងម៉ូតូម៉ាកហុងដាវេវ ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៧។ លុះក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី៨ ខែតុលានិងដកហូតបាន កាំបិតផ្គាក់ដងឈើ ចំនួន ០១ដើម និងដាវសាំម៉ូរ៉ៃចំនួន ០១ដើម ពីជនសង្ស័យរូបនេះ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ដោយ ៖ ប្រាថ្នា