ខេត្តកណ្ដាល៖ សាកសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ដែលមានសភាពហើមរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតមកទើរនៅមាត់ច្រាំងដងទន្លេបាសាក់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី ត្រង់ចំណុចច្រាំងទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២០ឆ្នាំ កម្ពស់១.៦២ម៉ែត្រ សក់ស្លូតវែង។សាកសពស្លៀកខោកំណាត់ឡេវ ពណ៌ខ្មៅ ជេីងវែង ពាក់អាវសាច់កំណាត់ ពណ៌ខ្មៅដៃវែង មានពាក់អាវយឺតដៃខ្លី ពណ៌ប្រផេះ ពាក់អាវទ្រនាប់ពណ៌សលាយខ្មៅនិងក្រហម។ សាកសពស្លៀកខោខ្លីក្នុង សាច់កំណាត់ពណ៌ខៀវលាយពណ៌តុក្កតា និងស្លៀកខោលីអូពណ៌ក្រហម ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានគេប្រទះឃើញសាកសពនៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការជាមួយកម្លាំងផ្នែកជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមគ្រូពេទ្យឃុំ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសពឃើញថា សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។
តាមការសន្និដ្ឋាន សាកសពស្លាប់ដោយសារលង់ទឹក។ ក្រោយពិនិត្យរួច សាកសពត្រូវបានប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល និងក្រុមប្រឹក្សាឃុំស្វាយប្រទាល ដើម្បីបញ្ចុះនៅវត្តឫស្សីជ្រោយ៕
ដោយ៖ស្អាង ជ័យ