ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ គាំទ្រចំពោះកិច្ចវ៉ាក់សាំងដូសទី៣ឬដូសជំរុញយ៉ាងច្រើនកុះករ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋ ។ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យមានការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់គ្នា ។ យុទ្ធនាការនេះ បានចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះតទៅ ក្រោមកិច្ចសហការរវាងអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងពាក់ព័ន្ធនិងក្រុមគ្រូពេទ្យ
ក្រោយពីរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំរួចសម្រាប់ដូសទី១និងបន្តដូសទី២នៅពេលជាមួយគ្នានេះដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងនៅតាមមណ្ឌល ឬគោលដៅដែលខ្លួនរស់នៅ ក្រោមការរៀបចំយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាននិងក្រុមការងារស្ម័គ្រចិត្ត កម្លាំងកងរាជអាវុធហត្ថនិងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតយ៉ាងយកចិត្តទុកដាក់ ក្នុងន័យរក្សាការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
បើតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋានថា៖ បើបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាក់សស្រាំដូច្នេះ ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនេះនៅរាជធានីភ្នំពេញអាចនឹងលឿនជាងផែនការកំណត់។
សូមបញ្ជាក់ថា កាលពីពេលថ្មីនេះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការទន្ទឹងរង់ចាំមើលលទ្ធផលនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់មកនេះថា តើចំនួនអ្នកឆ្លងមានការថយចុះកម្រិតណានោះ ប្រមុខរាជរដ្ឋាភិបាលក៏គ្រោងនឹងបើកសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យឡើងវិញជាធម្មតា ដើម្បីឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះអស់រយៈពេលជាយូរមកនេះ៕
ដោយ ៖ សំរិត