ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទី Thibaut Courtois ចោទស្ថាប័នគ្រប់គ្រងបាល់ទាត់ថា មិនខ្វល់ពីកីឡាករគិតតែពីលុយ

ចែករំលែក៖

អ្នកចាំទី Thibaut Courtois បានចោទប្រកាន់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ថា បានផ្តល់អាទិភាពទៅលើប្រាក់ជាជាងសុខុមាលភាពរបស់កីឡាករដែលគាត់មានអារម្មណ៍ថា កំពុងត្រូវបានចាត់ទុកកីឡាករដូចជា មនុស្សយន្ត” ។

អ្នកចាំទីរបស់ក្រុម Real Madrid រូបនេះបានលេងនៅក្នុងការប្រកួតកម្មវិធីNations League របស់បែលហ្ស៊ិកទាំង២ប្រកួតក្នុងអំឡុងពេលសម្រាកអន្តរជាតិនាពេលបច្ចុប្បន្ន។ នេះរួមបញ្ចូលទាំងការប្រកួតជម្រុះលើកទី៣កាលពីថ្ងៃអាទិត្យជាមួយប្រទេសអុីតាលីដែលបានបង្កឱ្យមានការរិះគន់របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ។

អ្នកចាំទីរូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថាការប្រកួតនេះគ្រាន់តែជាល្បែងដើម្បីប្រាក់ដែលយើងត្រូវតែស្មោះត្រង់ចំពោះវា។ យើងគ្រាន់តែលេងវា ព្រោះសម្រាប់ UEFA វាជាប្រាក់បន្ថែមហើយវាជាហ្គេមបន្ថែមនៅលើទូរទស្សន៍។

Courtoi បានបន្ថែមថា “មិនអីទេសម្រាប់យើង វាជាការប្រកួតល្អ ព្រោះវាប៉ះអុីតាលី ហើយសម្រាប់អុីតាលីជាការប្រកួតល្អ ព្រោះវាប៉ះជាមួយបែលហ្សុិក ប៉ុន្តែមើលថា តើក្រុមទាំងពីរផ្លាស់ប្តូរកីឡាកររបស់ពួកគេប៉ុណ្ណាបើយើងទាំង២ក្រុមនៅវគ្គផ្តាច់ព្រ័ត្រនឹងមានអ្នកផ្សេងទៀតលេង” ។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ National League នោះ ខ្សែប្រយុទ្ធ Eden Hazard និង Romelu Lukaku បានអវត្តមានសម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យដែលអុីតាលីឈ្នះ ២-១ ដោយកីឡាករមានបញ្ហាសាច់ដុំបន្ទាប់ពីបង្ហាញមុខក្នុងការប្រកួតចាញ់បារាំង៣ថ្ងៃមុន។

ពាក់ព័ន្ធនឹងរបួសនេះ Courtois បានបន្ថែថា នេះគ្រាន់តែបង្ហាញថាយើងលេងហ្គេមច្រើនពេក។ ឆ្នាំក្រោយយើងមានការប្រកួតបាល់ទាត់ពិភពលោកនៅខែវិច្ឆិកា យើងប្រហែលជាត្រូវលេងរហូតដល់ដំណាក់កាលចុងក្រោយនៃខែមិថុនាម្តងទៀត។ យើងនឹងរងរបួស ហើយគ្មាននរណាខ្វល់ខ្វាយពីកីឡាករទៀតទេ។ បន្ទាប់ពីរដូវកាលដ៏វែងមួយយើងនឹងត្រូវលេង៤ប្រកួតក្នុង Nations League ម្តងទៀតយើងនឹងមានថ្ងៃឈប់សម្រាកសប្តាហ៍ ហើយវាមិនគ្រប់គ្រាន់សម្រាប់កីឡាករដែលអាចបន្តលេងបាន១២ខែក្នុងកម្រិតខ្ពស់បំផុតនោះទេ

ប្រសិនបើយើងមិនដែលនិយាយអ្វីទេ វានឹងនៅតែដដែល។ ពួកគេ (UEFA) អាចខឹងនឹងក្រុមផ្សេងទៀតដែលបង្កើត Super League ប៉ុន្តែពួកគេមិនខ្វល់ពីកីឡាករឡើយ ពួកគេគ្រាន់តែខ្វល់ពីហោប៉ៅរបស់ពួកគេប៉ុណ្ណោះ

ជាមួយគ្នានេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Fifa កំពុងស្នើឱ្យមានការផ្លាស់ប្តូរបន្ថែមទៀតចំពោះប្រតិទិនប្រកួតបាល់ទាត់ដែលនឹងឃើញការប្រកួតបាល់ទាត់ពិភពលោកមួយរៀងរាល់ឆ្នាំម្តងជំនួសឱ្យការប្រកួត៤ឆ្នាំម្តងនាពេលបច្ចុប្បន្ន។

ករណីនេះ Courtois បានអះអាងថា “ អ្នកថាពួកគេចង់ឲ្យជើងឯកអឺរ៉ុបនិង World Cup ធ្វើជារៀងរាល់ឆ្នាំ។ តើយើងនឹងសម្រាកនៅពេលណា? មិនដែលទេ! ដូច្នេះនៅទីបញ្ចប់កីឡាករកំពូលៗនឹងរងរបួសគ្រប់ពេលហើយនោះជាការបញ្ចប់របស់វា។ វាជាអ្វីដែលគួរតែល្អប្រសើរជាងមុន និងត្រូវបានគេយកចិត្តទុកដាក់ជាងមុនដែយើងមិនមែនជាមនុស្សយន្តទេ

ពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់អ្នកចាំទីសញ្ជាតិបែលហ្ស៊ិកខាងលើនេះ ស្ថាប័ន្ធបាល់ទាត់អឺរ៉ុប UEFA នៅមិនទាន់មានការបកស្រាយណាមួយនោះទេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖