ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញទទួលជួបលោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទទួលជួបលោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីជួបពិភាក្សាការងារ  និងជម្រាបលា ក្នុងឱកាសដែលលោកស្រី នឹងបញ្ចប់អាណត្តិការងារនាពេលខាងមុខ   ។

លោកស្រី ប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការី បានចូលរួមសំដែងការគួរសម ជម្រាបលា និងរាយការណ៍អំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣ ដើម្បីបន្តរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជម្រុញកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច។ លោកស្រី ប្រធាន បានសង្កត់ធ្ងន់ថា ការបន្តជួយសម្រាប់វិស័យធនធានទឹក ដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB ដែលកិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាពផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម ដែលផ្នែកទាំងនេះ បានកំណត់ក្នុងយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា  ២០១៩-២០២៣ ។

បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រី ប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា និងសហការី រួចមក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា រហូតមកដល់ពេលនេះ។ សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក ដូចជាផ្នែកធារាសាស្រ្តជាដើម។
លោករដ្ឋមន្រ្តី និងលោកស្រី ប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះជំនួបដែលបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។
នៅចុងបញ្ចប់នៃជំនួប លោករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖