ភ្នំពេញ៖ គិតមកដល់ត្រឹមព្រឹកថ្ងៃទី១២ខែតុលានេះ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត បានចាប់ផ្ដើមស្រកយ៉ាងខ្លាំងហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងមន្ទីរជំនាញ និងអាជ្ញាធរដែនដីនៅតែបន្តត្រៀមបង្ការទប់ស្កាត់គ្រោះមហន្តរាយជានិច្ច។
លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី ១២ខែតុលា ២០២១នេះថា៖ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតបានស្រកចុះ១ម៉ែត្រសម្រាប់ថ្ងៃទី១២តុលានេះ ពោលគឺទឹកបានស្រកព្រមៗគ្នាទាំងកម្ពស់ទឹកនៅខេត្តកំពង់ស្ពឺ កម្ពស់ទឹកនៅខេត្តកណ្ដាលនិងកម្ពស់ទឹកនៅរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃទី១២ ខែតុលានេះកម្ពស់ទឹកនៅចំណុចស្ពានឃ្លៃមានកម្ពស់៤,២០ម៉ែត្រ ស្រកចុះ០,៥ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ។ នៅចំណុចរលាំងជ្រៃកម្ពស់ទឹក៦,៩០ម៉ែត្រ ស្រកចុះ០,០២ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ និងនៅស្ពានកំពង់ទួលឬ(ស្ពាន៧មករា) កម្ពស់ទឹក៦,២០ម៉ែត្រ ស្រកចុះ១ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ។
លោកបញ្ជាក់បន្តថា ស្ថានភាពទឹកនៅពេលនេះ មិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែយើងនៅតែសង្កេតមើលស្ថានភាពទឹកនិងអាកាសធាតុបន្តទៀត ។
លោកម៉ៅ ប៊ុនធឿន បានបន្តទៀតថា ចំពោះវិធានការបង្ការទប់ស្កាត់គ្រោះទឹកជំនន់នេះ យើងនៅតែបន្តត្រៀមដដែលទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយពេលនេះ មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានលើកកូនទំនប់តូចមួយនៅលើទំនប់ ចាស់ដើម្បីការពារទឹកជំនន់ដែលសកម្មភាពនេះយើងបាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ។
លោកបន្តទៀតថា បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធនធានទឹកតាមដានមើលស្ថានភាពទឹកជាប្រចាំផងដែរ បើមានបញ្ហាអ្វីកើតឡើង គឺយើងអាចជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេល និងមិនបង្កឱ្យខូចខាតទ្រព្យសម្បត្តិនោះទេ។
លោកម៉ៅ ប៊ុនធឿន ក៏បានបញ្ជាក់ទៀតថា សម្រាប់ក្រសួងធនធានទឹកនិងឧតុនិយម និងមន្ទីរធនធានទឹករាជធានីភ្នំពេញ នៅតែប្រជុំពិគ្រោះយោបល់គ្នាពីវឌ្ឍនភាពផ្លូវទឹកនិងការបង្វែរផ្លូវទឹកទៅតំបន់ដែលមិនមានហានិភ័យ ពេលមានបញ្ហាជន់លិច៕
ដោយ៖ សំរិត