ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រាយុទ្ធចាន់អូចា៖ អ្នកទេសចរបានចាក់វ៉ាក់សាំងរួចរាល់មិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យសុខាភិបាលឬធ្វើចត្តាឡីស័កឡើយ

ចែករំលែក៖

ដើម្បីទាក់ទាញអ្នកទេសចរចូលមកកម្សាន្តនៅក្នុងប្រទេសថៃ កាន់តែច្រើន ក្នុងគោលដៅដំណើរការសេដ្ឋកិច្ចជាតិ។ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាបានស្នើលុបចោលរាល់ការត្រួតពិនិត្យសុខាភិបាល ដល់អ្នកទេសចរ បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីថៃតាមដែនអាកាស។
ប្រទេសថៃនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាប ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
ព័ត៌មានខាងលើនេះត្រូវបានប្រកាសចេញ ដោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងឱកាសថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ, ខ្ញុំបានចេញបទបញ្ជាឲ្យ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 (CCSA) និងក្រសួងសុខាភិបាលសាធារណៈ រួមសហការគ្នាដើម្បីពិគ្រោះយោបល់ នៅក្នុងសប្តាហ៍នេះតែម្តង។ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ, ប្រទេសថៃនឹងចាប់ផ្តើមបើកទ្វារ ដោយគ្មានតម្រូវការឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ និងធ្វើដំណើរមកកាន់ប្រទេសថៃតាមផ្លូវអាកាស ពីបណ្តាប្រទេសដែលត្រូវចាត់ទុកថា មានហានិភ័យទាប»។
បើតាមលោកនាយករដ្ឋមន្ត្រីថៃ យ៉ាងហោចណាស់ប្រទេសចំនួន ១០ ហើយ ត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី នៃក្រុមប្រទេសមានហានិភ័យទាបសម្រាប់ថៃ ក្នុងនោះមានដូចជា ចិន, អាល្លឺម៉ង់, សិង្ហបុរី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ សម្រាប់ប្រទេសមួយចំនួនទៀត នឹងត្រូវកត់ឈ្មោះចូលក្នុងបញ្ជីខាងលើនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែកសម្រាប់អ្នកដំណើរ មកពីបណ្តាប្រទេសដែលគ្មានក្នុងបញ្ជី គឺនឹងត្រូវអនុវត្តវិធានការចត្តាឡីស័កដដែល ពេលមកដល់ទឹកដីថៃ។
លោក ប្រាយុទ្ធ ចាន់អូចា ក៏បានទទួលស្គាល់ផងដែរថា ការសម្រេចចិត្តរបស់លោកបែបនេះ គឺស្ថិតនៅចំពោះមុខហានិភ័យជាច្រើន ប៉ុន្តែនេះក៏ជាពេលវេលាមួយ ដែលគ្រប់គ្នាត្រូវចាប់ផ្តើមបន្ធូរអារម្មណ៍ពីបញ្ហាផ្សេងៗ។ លោក ប្រាយុទ្ធ ក៏បានសន្យាផងដែរថា នឹងតាមដានស្ថានការណ៍ខាងមុខនេះយ៉ាងដិតដល់ ហើយនឹងចាត់វិធានការភ្លាមៗ នៅពេលមានរឿងអ្វីកើតឡើង។ លោកនាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនត្រូវឲ្យបាត់បង់ ឱកាសនេះជាដាច់ខាត»៕

រូបថត៖ Bưu điện Bangkok

ដោយ៖ ធីរីណា(រូបថត៖CNA)


ចែករំលែក៖