ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ពេលពួកគេធ្វេីសកម្មភាពជិះម៉ូតូបង្ហោះនៅតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនទាំង៤នាក់ខាងលើនេះបានជិះម៉ូតូ២គ្រឿង ដោយម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HN-0790 និងម៉ូតូមួយគ្រឿងទៀតម៉ាក ស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប1B-8238។
តាមប្រភពព័ត៌មានពីនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចុះល្បាតនៅក្នុងមូលដ្ឋាន រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឃើញយុវជនចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង បានបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យទើបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនយុវជនទាំង៤នាក់នេះបានភ្លាមៗ រួចយកទៅសួរនាំតែម្តង ។
ប្រភពដដែលបន្តថា បន្ទាប់មកកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នាំយកយុវជនទាំង៤នាក់ទៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប២ ដើម្បីសួរនាំ តែយុវជនទាំង៤នាក់នោះមិនព្រមសារភាពថាខ្លួនបានបង្ហោះម៉ូតូនោះទេ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ក៏បានបញ្ជូនយុវជនទាំង៤នាក់ រួមទាំងម៉ូតូចំនួន២គ្រឿងទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
ដោយ៖សុខាសែនជ័យ