ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ស្នងការនគរបាលរាជធានីភ្នំពេញ​៖​ ការបែងចែកតួនាទីភារកិច្ចរបស់ការិយាល័យ​ និងផ្នែកទាំង៥​ ដេីម្បីរៀបចំផែនការអនុវត្តការងារឱ្យបានរលូន​ និងជោគជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍ទោ​ ប៊ុន​ សុសិក្ខា​ ស្នងការរងទទួលផែនការងារសន្តិសុខ​ នៅវេលាម៉ោង​ ១០ព្រឹក​ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២១នេះ​ លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ ជំនួយការលោកស្នងការ​​ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា​ និងទិសដៅការងារសម្រាប់ខែតុលា​ ឆ្នាំ២០២១​ ដោយមានការចូលរួមពីលោកនាយរងការិយាល័យ​ លោកនាយ​ នាយរងផ្នែក​ និងមន្ត្រីទាំងអស់នៃការិយាល័យ​ ។ 

ក្នុងកិច្ចប្រជុំនេះដែរបានផ្តោតសំខាន់ទៅលេីការបែងចែកតួនាទីភារកិច្ចរបស់ការិយាល័យ​ និងផ្នែកទាំង៥​ ដេីម្បីរៀបចំផែនការអនុវត្តការងារឱ្យបានរលូន​ និងជោគជ័យ​ ។ តាមការពិនិត្យជាក់ស្តែង​ ផ្នែកទាំង៥​ ចំណុះការិយាល័យ​ មានតែផ្នែកតិចតួចប៉ុណ្ណោះដែលដំណេីរការ​ ស្របពេលដែលផ្នែកមួយចំនួនមិនទាន់ដំណេីរល្អ​ ។ 

លោកនាយការិយាល័យ​ បានធ្វេីការបញ្ជាក់ណែនាំ​ និងបែងចែកភារកិច្ចដល់មន្ត្រីតាមផ្នែកនីមួយៗយ៉ាងច្បាស់​ ដេីម្បីធ្វេីយ៉ាងណាឱ្យគ្រប់ផ្នែកមានការងារទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន​ ។  

ក្នុងឱកាសនោះដែរលោកនាយរងការិយាល័យ​ លោកនាយ​ នាយរងផ្នែក​ និងមន្ត្រី​ ក៏បានចូលរួមមតិយោបល់ជាច្រេីនទាក់ទងទៅនឹងការអនុវត្តការងារនាពេលកន្លងមក​ និងបញ្ហាប្រឈមផ្សេងៗ ដែលជួបប្រទះក្នុងពេលអនុវត្តការងារ​ ។  

ជាមួយនោះដែរលោកនាយការិយាល័យ​ បានទទួលយកនូវមតិចូលរួម​ សំណូមពរ​ និងបញ្ហាប្រឈមផ្សេងៗ​ ដែលកេីតមានឡេីង​ ដេីម្បីយកមកពិភាក្សាជាមួយលោកស្នងការរងទទួលផែន​ ដេីម្បីរកវិធីសាស្ត្រដោះស្រាយ​ និងរាយការណ៍​បន្ត​ ក៏ដូចជាសុំមតិដឹងនាំ​ និងគោលការណ៍ពីលោកស្នងការ​ ក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់​ ។ 

ជាកិច្ចបញ្ចប់លោកនាយការិយាល័យ​ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែកាត់សក់ខ្លីជាប្រចាំ​ គោរពវិន័យកងកម្លាំង​ ធ្វេីការសហការគ្នាឱ្យបានល្អនៅក្នុងការិយាល័យ​ ប្រេីប្រាស់កាយវិការ​ និងសម្តីឱ្យបានសមរម្យនៅពេលចុះអនុវត្តការងារជាក់ស្តែង​ ។ ម្យ៉ាងវិញទៀតបណ្តឹងដែលនៅសេសសល់ចំនួន​ ២៨៤​ ករណី​ នឹងព្យាយាមសិក្សា​ ដោះស្រាយ​ ស្រាវជ្រាវ​ ឱ្យបានឆាប់រហ័ស​ ។ 

ឆ្លៀតក្នុងឱកាសនោះ​ លោកនាយការិយាល័យ​ ក៏បានណែនាំដល់មន្ត្រីទាំងអស់ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានឲ្យបានគ្រប់ៗគ្នា និងឆាប់បំផុត​៕

ដោយ​៖អារុណ​រះ


ចែករំលែក៖