ក្រុមតាលីបង់នឹងពិភាក្សាតាមអនឡាញជាមួយមន្ត្រីសហគមន៍អឺរ៉ុប នៅថ្ងៃទី១២ខែតុលានេះ។ ជាមួយគ្នានេះរដ្ឋាភិបាលតាលីបង់ដែលកំពុងដឹកនំាអាហ្វហ្គានីស្ថាន ក៏បានជួបពិភាក្សាជាមួយតំណាងមកពីប្រទេសជាច្រើននៅជុំវិញពិភពលោកដែរក្នុងគោលដៅស្វែងរកការគាំទ្រ។
នៅថ្ងៃទី១១ខែតុលា រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi បានឱ្យដឹងថា ក្រុមតាលីបង់នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីសហគមន៍អឺរ៉ុប ក្នងគោលដៅស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ។
មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវពីអំពើហិង្សានិងមនុស្សធម៌នៅប្រទេសកាតារ លោក Muttaqi បានប្រកាសថានឹងជួបពិភាក្សាជាមួយមន្ត្រីសហគមន៍អឺរ៉ុបនៅថ្ងៃទី១២ខែតុលានេះ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរ៉ែស (Antonio Guterres) នៅថ្ងៃចន្ទសប្ដាហ៍នេះបានថ្កោលទោសយ៉ាងខ្លាំងទៅលើការមិនគោរពតាមកិច្ចសន្យារបស់ក្រុមតាលីបង់ចំពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យពិភពលោក បរិច្ចាគថវិកាបន្ថែមដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកាត់បន្ថយការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ការថ្កោលទោសដូចខាងលើរបស់ប្រមុខ UN បានកើតឡើងបន្ទាប់ពីមានកិច្ចចរចាទល់មុខគ្នាលើកដំបូង រវាងសហរដ្ឋអាមេរិក និឹងក្រុមតាលីបង់ ចាប់តាំងពីប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្រោមការកាន់កាប់របស់ក្រុមតាលីបង់ ហើយបើតាមក្រសួងការបរទេសអាមេរិកបញ្ជាក់ថា បញ្ហាសិទ្ធិស្ត្រីក៏ត្រូវបានលើកឡើងក្នុងអំឡុងជំនួបនោះផងដែរ។
លោក Antonio Guterres បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញការសន្យារបស់ក្រុមតាលីបង់ ចំពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន មិនត្រូវបានគោរពតាម។ ខ្ញុំសូមទទូចជាខ្លាំងដល់ក្រុមតាលីបង់ ឱ្យរក្សាពាក្យសន្យារបស់ពួកគេចំពោះស្ត្រីនិងក្មេងស្រី ព្រមទាំងបំពេញកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ»៕
ដោយ៖ ធីរីណា(រូបថត៖AFP/ TTXVN)