ព័ត៌មានទាន់ហេតុការណ៍៖

បើប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងសាលាខណ្ឌព្រែកព្នៅនិងផ្តល់ជូនភ្លាម មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដ-១៩នេះទេ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ ដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋានហើយរាយការណ៍មករដ្ឋបាលខណ្ឌ នោះសាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដ-១៩នេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។

លោកអភិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍បែបនេះនៅក្នុង ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋចាស់ជរា និងជនពិការចំនួន៥០គ្រួសារមកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើរសួរសុខទុកពីសំណាក់សម្តេចតេជោ  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកអភិបាលរាជធានីភ្នំពេញដល់លោកតាលោកយាយ និងជនពិការទាំងអស់ដែលបានមកទទួលអំណោយនាឱកាសនេះដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ សូមបងប្អូនជឿចុះមិនថាតែក្នុងកាលៈទេសៈណាក៏ដោយសម្តេចទាំងទ្វេតែងតែ នៅជាមួយប្រជាពលរដ្ឋ ដឹងសុខ ដឹងទុក ផ្តល់ភាពកក់ក្តៅមិនទៅណាចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើរដល់បង្អូនដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋានហើយរាយការណ៍មកសាលាខណ្ឌ សាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់នេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។

លោកអភិបាលខណ្ឌបានមានប្រសាសន៍បន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។ ជាមួយគ្នានោះ លោកក៏បានណែនាំដល់សូមពុកម៉ែបងប្អូនចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរពអនុវត្តន៍តាមការណែនាំអាជ្ញាធរ និងវិធានការសុខាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖