ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមរំលែកទុក្ខ ករុណា ពេជ្រ ផងក្រោយជួបទុក្ខធំឪពុកបង្កើតទទួលមរណភាពព្រឹកមិញនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកទី១៤ខែតុលានេះតារាចម្រៀងលោក ករុណា ពេជ្រ បានបញ្ចេញដំណឹងដ៏ក្រៀមក្រំបំផុតមួយ គឺឪពុកបង្កើតរបស់លោកដែលមានជំងឺប្រចាំកាយយូរឆ្នាំមកហើយនោះបានទទួលមរណភាពនៅព្រឹកមិញនេះ។ ដំណឹងនេះបានបង្កើតឲ្យមានការផ្ញើសាររំលែកទុក្ខជាច្រើនផ្ញើទៅកាន់តារាចម្រៀងរូបនេះ។ 

  លោក ករុណា ពេជ្រ  បានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា «ប៉ាខ្ញុំទៅចោលខ្ញុំហើយ សូមប៉ា ទៅឱ្យសុខ បើមានជាតិក្រោយកូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណាប៉ាណា…»។ សារនេះកាន់តែធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងមិត្តរួមអាជីពក្តុកក្តួលក្នុងចិត្ត និងផ្ញើសារចែករំលែកទុក្ខទៅកាន់រូបលោកជាបន្តបន្ទាប់។ គេនៅតែកោតសរសើរពីទឹកចិត្តកត្តញ្ញូរបស់តារាប្រុសរូបនេះដែលខិតខំលះបង់អស់ពីកម្លាំងកាយចិត្ត មិនគិតពីថវិកា ប្រឹងប្រែងមើលថែព្យាបាលជំងឺរ៉ាំរ៉ៃរបស់ឪពុករាប់ឆ្នាំកន្លងមកហើយ។ 

  គេចាំបានដែរថា ឪពុករបស់តារាចម្រៀងរូបនេះមានជំងឺរាំុរ៉ៃប្រចាំកាយជាយូរឆ្នាំ ដែលប្រៀបបានទៅនឹងមនុស្សរុក្ខជាតិ ហើយកន្លងទៅនៅថ្ងៃទិវាគុណឪពុក តារាប្រុសរូបនេះធ្លាប់បានបញ្ចេញបទចម្រៀងមួយបទដែលធ្វើឲ្យទស្សនិកជនស្តាប់ហើយរំជួលចិត្តគឺបទ”ប៉ាខ្ញុំ ក្លាយជាមនុស្សរុក្ខជាតិទៅហើយ”។ សារព័ត៌មានរបស់យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផ្ញើទៅកាន់លោកករុណាពេជ្រ និងក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីគោរពស្រលាញ់   

ដោយ ៖ វឌ្ឍនា


ចែករំលែក៖