ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ អាជីវករលក់ដូរ ទាំងផ្សាររដ្ឋ និងឯកជននៅរាជធានីភ្នំពេញ បើមិនបង្ហាញកាតចាក់វ៉ាក់សាំងទេ គឺមិនអនុញ្ញាតឲ្យបើកតូបលក់ដូរនោះទេ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គណៈកម្មការផ្សារនៅរាជធានីភ្នំពេញ  សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ទៅក្នុងផ្សារបាន ។ តែសម្រាប់បងប្អូនអាជីវករផ្សារវិញ បើមិនមានកាតចាក់វ៉ាក់សាំងទេគឺមិនអនុញ្ញាតឲ្យបើកតូបលក់ដូរតែម្តង។ 

   លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលា ២០២១នេះថា ៖ អនុវត្តតាមសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារទូទំពូង បានរៀបចំនៅតាមច្រកចេញចូលផ្សារទាំងអស់ដោយ មិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចេញចូលផ្សារដោយមិនបានបង្ហាញកាតចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នោះទេ មានន័យថា បើបងប្អូនប្រជាពលរដ្ឋមិនមានកាតចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឱ្យចូលផ្សារទេ។ 

    ដោយឡែក សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាតឲ្យចូលលក់ដូរជាដាច់ខាត បើមិនមានកាតចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួច។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករផ្សារទួលទំពូងទាំងអស់ ក្រុមការងាររបស់លោកបាន ចុះធ្វើការត្រួតពិនិត្យហើយ គឺមិនមានអាជីវករណាម្នាក់ គ្មានកាតចាក់វ៉ាក់សាំងនោះទេ។

  ដោយឡែកសម្រាប់ផ្សារអូឡាំពិកវិញ បើតាមការបញ្ជាក់របស់លោកឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូឡាំពិក បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤តុលានេះដែរថា៖ អនុវត្តតាមសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបាន អនុវត្តតាំងពីថ្ងៃចន្ទទី ១១ខែតុលាមកម្ល៉េះ តែសម្រាប់ថ្ងៃដំបូង មានអាជីវករនិងបងប្អូនប្រជាពលរដ្ឋ ដែលចេញ ចូលផ្សារមួយចំនួនបានបង្ហាញកាតចាក់វ៉ាក់សាំង តែមួយចំនួនទៀត ក៏មិនបានយកកាតចាក់វ៉ាក់សាំងមកជាប់តាមខ្លួនដែរ ។ ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពីគណៈកម្មការផ្សារជាញឹកញាប់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករ បានអនុវត្តនិងសហការបានយ៉ាងល្អជាមួយគណៈកម្មការផ្សារ មានន័យថា ពេលចេញចូលផ្សារនិង មកប្រកបអាជីវកម្មនៅក្នុងផ្សារ ពួកគាត់មានកាតចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច។

    លោកក៏បានបញ្ជាក់ផងដែរថា ក្រៅពីឲ្យបងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក៏បានអនុវត្តជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

  គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥ តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ៕

ដោយ ៖ សំរិត


ចែករំលែក៖