ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនជនជាតិកូរ៉េម្នាក់ ចេញសែកអត់សាច់ប្រាក់ចំនួន១៣មុឺនដុល្លារទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនិងសំណុំរឿងខ្ចីប្រាក់មិត្តភក្ដិចំនួន១៣មុឺនដុល្លារ ហើយចេញសែកស្អុយសងទៅវិញត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនមកសាលាដំបូងកាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរតាមនីតិវិធីច្បាប់។

     ជនត្រូវចោទដែលត្រូវចាប់ខ្លួនឈ្មោះ KIM MOO JIN ភេទប្រុស អាយុ៦៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅបុរី វ៉ារីណា ផ្ទះលេខ៧អា ផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

   សមត្ថកិច្ចបានបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ KIM MOO JIN ភេទប្រុស បានសុំខ្ចីប្រាក់ពីបុរសឈ្មោះ JUNG HEUIN TAE ជាជនជាតិកូរ៉េដូចគ្នា ចំនួន១៣មុឺនដុល្លារ ដើម្បីយកទៅពង្រឹងមុខរបររកសុីនៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩រាតត្បាត ដោយសន្យាថាក្នុងរយៈពេល១ខែ នឹងសងប្រាក់វិញ ។ លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ KIM MOO JIN មិនមានប្រាក់សងទេ ហើយម្ចាស់ប្រាក់ក៏បានដាស់តឿនច្រើនដង ទើប KIM MOO JIN បានចេញសែកចំនួន២សន្លឹក គឺលេខ ៣០១៧៦៣ ចុះថ្ងៃទី ៣១មីនា ឆ្នាំ២០២១ដោយមានទឹកប្រាក់ចំនួន៤៥.០០០ដុល្លារ ។ និងសែកមួយសន្លឹកទៀតលេខ ៣០១៧៦១ ចុះថ្ងៃទី ១៧ឧសភា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩មុឺនដុល្លារ ។ លុះដល់ថ្ងៃកំណត់បើកប្រាក់ ម្ចាស់បំណុលយកសែកទៅបើកប្រាក់ ស្រាប់តែខាងធនាគារ ABA បញ្ជាក់ថា សែកនោះគ្មានប្រាក់មួយរៀលទេ ចំណែកឈ្មោះ KIM MOO JIN គេចវេសមិនជួបចរចា ទើបឈ្មោះ JUNG HEUIN TAE ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕

បច្ចប្ប្ន្នជនត្រូវចោទកំពុងស្ថិតក្នុងតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖