ខេត្តកណ្ដាល៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ដឹកនាំដោយលោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ក្រោមការចង្អុរបង្ហាញពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ធ្វើការបង្ក្រាបករណីគ្រឿងញៀន ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន២៨កញ្ចប់។ ករណីបង្ក្រាបនេះធ្វើឡើង កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១វេលាម៉ោង១១និង១៥នាទីម្សិលមិញនេះនៅចំណុចផ្ទះរបស់ឈ្មោះ ឆន ថេន នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆន ថេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ចំណែកវត្ថុតាងចាប់យករួមមាន៖១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៨ កញ្ចប់ (ធំ០១កញ្ចប់ តូច២៧កញ្ចប់)
២/ទូរស័ព្ឌចំនួន០១គ្រឿងម៉ាក OPOP។
លោក ពុយ ទ្រី បន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ លោកបានទទួលព័ត៌មានថាមានករណី ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ភា្លមនោះលោកក៏បានដឹកនាំកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុក ធ្វើការចុះបង្ក្រាបដល់ចំណុចកើតហេតុ រួចធ្វើការពិនិត្យឆែកឆេរ ឃើញថ្នាំញៀនចំនួន២៨កញ្ចប់ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាង ជ័យ