ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំល្វា ស្រុកបវេល ធ្វើការឃាត់ខ្លួនជនសង្ស័យជាក្មេងពាលចំនួន ០៣នាក់ ពាក់ព័ន្ធករណីកំហែងយកទូរស័ព្ទរបស់ព្រះសង្ឃតាមទីវត្តអារាមផ្សេងៗពីគ្នា នៅស្រុកមង្គលបូរី ។
ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង៧យប់នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្រ្កាបនេះគឺលើកទី១-នៅវេលាម៉ោង ២០និង២០នាទី ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ជនសង្ស័យសង្ស័យបានកំហែងយកទូរស័ព្ទចំនួន ០១គ្រឿង និងកំព្យូទ័រយួរដៃមួយគ្រឿង នៅក្នុងកុដិព្រះសង្ឃវត្តកោះកែវ ភូមិកោះកែវ ។
លើកទី២-នៅវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី១០ខែតុលាឆ្នាំ២០២១ បានកំហែងយកទូរស័ព្ទចំនួន ០៣គ្រឿង ក្នុងកុដិព្រះសង្ឃវត្តបឹងត្រាវ ភូមិបត់ត្រង់ធំលិច ។
លើកទី៣-នៅវេលាម៉ោង ២០៖០០នាទី ថ្ងៃទី១២ខែតុលាឆ្នាំ២០២១ បានកំហែងយកទូរស័ព្ទចំនួន ០២គ្រឿង ក្នុងកុដិព្រះសង្ឃវត្តរោងគោ ភូមិរោងគោដើម ។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
២.ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បៃប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
៣.ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតមាន -ទូរស័ព្ទ ០៣គ្រឿង, អាយផេត ០១គ្រឿង កាំភ្លើងខ្លីបាញ់គ្រាប់កង់ ០១ដើម, -ដាវសាំម៉ូរ៉ៃ ០១ដើម, -ថ្នាំញៀនចំនួន ០៩កូនថង់ (ម៉ាទឹកកក) -កូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ក្រុមខ្លួនពិតជាបានប្រព្រឹត្តអំពើកំហែងយកទូរស័ព្ទពីព្រះសង្ឃពិតប្រាកដមែន ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ ៖ ប្រាថ្នា