ព័ត៌មានទាន់ហេតុការណ៍៖

ប្រេីកាំភ្លេីងភ្ជង់ប្លន់យកលុយ​និងទ្រព្យសម្បត្តិពីកន្លែងកោសជប់បានសម្រេច​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោស្រាវជ្រាវឃាត់ខ្លួនបានម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានធ្វេីការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ​២០២១​នៅត្រង់ចំណុចផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងភ្ជង់ប្លន់យកលុយ និងទ្រព្យសម្បត្តិ) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះកោសជប់ម៉ាស្សាយីហោ៣៣៣ ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ដឿន សុភឿន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរម៉ាស្សាកោសជប់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមាន​ ឈ្មោះ គុយ សុធាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

  ដោយឡែកសម្ភារបាត់បង់មានលុយចំនួន៧៥០ដុល្លារអាមេរិក(ប្រាំពីររយហាសិបដុល្លាអាមេរិក), ខ្សែដៃផ្លាទីនទម្ងន់៣ជីចំនួន០១ខ្សែ, ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាកOPPO ១គ្រឿង ម៉ាក VIVO ១គ្រឿង)  និងវត្ថុតាងចាប់យកមានកាំភ្លើងខ្លីប្រើហ្គាស(គ្មានបង់)ចំនួន០១ដើម, មួកកំណាត់ម៉ាក GUCCI (របស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ចំនួន១ ។

    សមត្ថកិច្ចបានបញ្ចាក់ថា​ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះឈ្មាះ ដឿន សុភឿន កំពុងអង្គុយនៅក្នុងផ្ទះម៉ាស្សាកោសជប់យីហោ៣៣៣ ផ្លូវលេខ៣៧១ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ គុយ សុធាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ទី២-ឈ្មោះ ថង ភេទប្រុស អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ ឌុន ភេទប្រុស អាយុ២៦ឆ្នាំ បានជួលឡំប្រឺតាជិះមកដល់ផ្ទះម៉ាស្សាកោសជប់ខាងលើ ក៏បានដើរចូលទៅក្នុងផ្ទះនាំជនរងគ្រោះចូលក្នុងបន្ទប់ដើម្បីកោសជប់ តែពេលចូលដល់ក្នុងបន្ទប់ជនសង្ស័យឈ្មោះ គុយ សុធាវុធ បានយកកាំភ្លើងខ្លីប្រើហ្គាស់ភ្ជង់ប្លន់យកលុយនិងទ្រព្យសម្បត្តិពីជនរងគ្រោះដែលមានប្រាក់ចំនួន៧៥០ដុល្លារអាមេរិក (ប្រាំពីររយហាសិបដុល្លារអាមេរិក), ខ្សែដៃផ្លាទីនទម្ងន់៣ជីចំនួន១ខ្សែ, ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកOPPO ១គ្រឿង, ម៉ាកVIVO ១គ្រឿង) ហើយជនសង្ស័យក៏បានគេចខ្លួនបាត់អស់ទៅ។      

  បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើយកមកធ្វើការសាកសួរ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះម៉ាស្សាកោសជប់យីហោ ៣៣៣ កំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យដែលធ្វើសកម្មភាពខាងលើ ។ លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុយ សុធាវុធ រួមនិឹងវត្ថុតាងនៅត្រង់ចំណុចផ្លូវលេខ៣៧១ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់​ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តចាប់យកមកផ្ដន្ទាទោសឲ្យខាងតែបាន៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖