ភ្នំពេញ ៖ លោកវីរៈសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថានៅថ្ងៃទី១៥ ខែតុលា ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបាន ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(ប្រើប្រាស់បណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ) នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកបានឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ បានលក់ម៉ូតូគ្មានបណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេ ញ1FZ-3654 មានបណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ , និងម៉ូតូ១១គ្រឿងដកហូតពីជនសង្ស័យរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ, ស្លាកលេខ១៤សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស សម