ខេត្តកំពង់ស្ពឺ ៖ ការបើកបរខ្វះការប្រុងប្រយ័ត្នតែងតែបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើរមិនលស់ថ្ងៃ។ ជាក់ស្ដែងនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល (អតីតឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកDAEWOO ពណ៌ទឹកប្រាក់ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ3E-6189 សណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ4A-9019 បើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-9312 បេីកបរដោយឈ្មោះ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ អឿន សាន អាយុ២៨ឆ្នាំ នៅភូមិត្រពាំងឆ្កួន ឃុំព្រៃក្រសាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។
ហេតុការណ៍បង្កឱ្យមានគ្រោះថ្នាក់ខាងលើ តាមការសន្និដ្ឋានជំហានបឋម របស់សមត្ថកិច្ចដែលចុះដល់ទីតាំងកេីតហេតុគឺអាចបណ្ដាលមកពីការបេីកវ៉ាជែងហើយបាត់ម្ចាស់ការ បន្ថែមនិឹងការងងុយដេកទៀតធ្វេីឱ្យអ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការណ៍បាន ។
គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានការខូចខាតតូបអ្នកលក់ដូរនៅលើចិញ្ចេីមផ្លូវបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់-ស្រាល៤នាក់។
ក្រោយកើតហេតុអ្នករបួសខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯអ្នកបើកបររថយន្ដបង្កហេតុបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុ។ចំពោះ វត្ថុតាងរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងមានចំណាត់ការរកមធ្យោបាយស្ទូចយកចេញនិងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធី៕
ដោយ៖ ស សម