ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មកលោតទឹកប្រឡាយស្លាប់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយសង្គ្រោះប៉ុន្តែអកុសលយឹតពេលទៅហើយបន្ទាប់ពីស្ត្រីម្នាក់បានមកលោតទឹកប្រឡាយសម្លាប់ខ្លួនដែលគេសង្ស័យថាគាត់មានជំងឺសរសៃប្រសាទ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ម៉ៅ សាវឿន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា ស្ត្រីខាងលើមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយៗបានខិតខំព្យាបាលនិងផឹកថ្នាំសង្កូវដែរតែមិនធូរស្រាល ព្រោះស្ត្រីរូបនេះតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃទើបជំងឺមិនជាដាច់បែបនេះ។

ប្រភពបន្តថា នៅម៉ោងកើតហេតុគេឃើញស្ត្រីឈ្មោះម៉ៅ សាវឿនបានដើរតែម្នាក់ឯងខណៈនោះស្រាប់តែឃើញគាត់លោតចុះទៅក្នុងទឹកប្រឡាយទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីស្រង់ដាក់លើគោករួចមកសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើកោសល្យវិច័យជនរងគ្រោះហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖