ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ចំពោះមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ដែលត្រូវជាឪពុកបង្កើតរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត។
សារលិខិតរំលែកមរណទុក្ខ ជម្រាបជូន លោកឧត្តមសេនីយ៏ទោ លន់ សុផាត ស្នងការ នៃស្នងការដា្ឋននគរបាល ខេត្តក្រចេះ និងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាព របស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខៀវ លន់ នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខៀវ លន់ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ ដឹកនាំដែលមានស្នាដៃក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុង ការអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ក៏ជាការ បាត់បង់នូវពុទ្ធសាសនិកដ៏គំរូដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ ខ្ញុំនិងភរិយា ព្រមទាំងមន្ត្រីនគរបាល នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្ដាយអាឡោះអាល័យ និងសូមបួងសួង ឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខៀវ លន់ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកឧត្តមសេនីយ៏ទោ លន់ សុផាត និងភរិយា ព្រមទាំងក្រុមគ្រួសារមេត្តាទទួលនូវ សមានចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ៖ សុខ ខេមរា