ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនៅ J-Village មជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញរាល់សកម្មភាពរូបភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនៅ J-Village មជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន ត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហាត់មុនការប្រកួត AFC U23 Asian Cup Qualifiers ។

សូមបញ្ជាក់ថា ការប្រកួតដំបួងគឺ : កម្ពុជា v ហុងកុង  នៅថ្ងៃទី ២៣ តុលា ២០២១ | J-Village 

ជប៉ុន v កម្ពុជា  នៅថ្ងៃ២៦ តុលា ២០២១ | J-Village ។ គាំទ្រកីឡាបាល់ទាត់កម្ពុជា គឺយើង “ទាំងអស់គ្នាដេីម្បីកម្ពុជា”។ 

គួរដឹងថា  ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុនកាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រោយ​បញ្ចប់​បេស​ក​កម្ម​ជា​មួយ​ក្រុម​ជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្នុងការប្រកួតជម្រុះ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីពេលថ្មីៗ ដោយ​បាន​យក​ឈ្នះ​ក្រុម​កោះ​ហ្គាំ​របស់សហរដ្ឋអាមេរិកទាំង២ជើង ក្នុងលទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំទី៣។

បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ កីឡាករ​ភាគ​ច្រើន​ដែល​មាន​អាយុ​ក្រោម ២៣ឆ្នាំ ត្រូវបន្ដបេសកកម្មថ្មីនៅប្រទេសជប៉ុន  ។ រីឯ​កី​ឡា​ករ​ជម្រើស​ជាតិ​កម្ពុជា ១០នាក់ត្រូវធ្វើដំណើរមកមាតុភូមិមុន ។ លើក​លែង​តែកី​ឡា​ករ​ជម្រើស​ជាតិ៦រូប ដែលឆ្លងជំងឺកូវីដ-១៩ អំឡុង​ពេល​ជួយ​ក្រុម​គោ​ព្រៃ​កម្ពុជានៅបារ៉ែន ដែល​ត្រូវបន្ដសម្រាកព្យាបាលនៅទីនោះរហូត​ដល់​ជា​សះស្បើយ ទើបត្រឡប់មកមាតុភូមិវិញ។

ដូច្នេះសូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ជួប​តែ​សំ​ណាង​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ដើម្បីឡើងទៅវគ្គបន្ដ ហើយ​ក៏​សូម​ជូន​ពរ​កី​ឡាករ៦រូប រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​បារ៉ែន ឆាប់​ជា​សះ​ស្បើយ និងត្រឡប់មកកម្ពុជាវិញផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖