ព័ត៌មានទាន់ហេតុការណ៍៖

តោះ! ស្វែងយល់អំពីមុខងារតាមដានត្រួតពិនិត្យលេខសម្ងាត់ដែលមាននៅក្នុងទូរស័ព្ទ iPhone

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, លេខសម្ងាត់គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារគណនីអនឡាញរបស់អ្នកប្រើប្រាស់ ដូច្នេះក្នុងករណីដែលលេខសម្ងាត់ត្រូវបានបែកធ្លាយ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់នោះឱ្យបានឆាប់រហ័សបំផុតម្យ៉ាងវិញទៀតអ្នកប្រើប្រាស់គួរតែចៀសវាងប្រើលេខសម្ងាត់ដែលងាយនឹងស្មាន មានដូចជាលេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើតជាដើម។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក្រុមហ៊ុន Apple ក៏មានមុខងារសម្រាប់តាមដានត្រួតពិនិត្យលេខសម្ងាត់ដែលត្រូវបានបែកធ្លាយ ដោយប្រើប្រព័ន្ធ iCloud Keychain ដើម្បីធ្វើការប្រៀបធៀបលេខសម្ងាត់ដែលលោកអ្នកបានផ្ទុកនៅក្នុងទូរស័ព្ទ ជាមួយនឹងបញ្ជីលេខសម្ងាត់ដែលបានបែកធ្លាយ។ ប្រសិនបើលេខសម្ងាត់របស់លោកអ្នកត្រូវបានរកឃើញនៅក្នុងបញ្ជីបែកធ្លាយនោះ ក្រុមហ៊ុននឹងធ្វើការជូនដំណឹង (Compromised Passwords) ដើម្បីឱ្យលោកអ្នកធ្វើការផ្លាស់ប្ដូរលេខសម្ងាត់។

ក្នុងករណីដែលលោកអ្នកចង់តាមដានលេខសម្ងាត់ដែលកំពុងតែមាននៅក្នុងទូរស័ព្ទ លោកអ្នកអាចចូលទៅក្នុង Settings > Passwords។ ប្រសិនបើលេខសម្ងាត់ណាមួយរបស់លោកអ្នកគឺជាលេខសម្ងាត់ដែលត្រូវបានបែកធ្លាយនោះ វានឹងបង្ហាញនៅក្នុងតំបន់ “Security Recommendations” ហើយលោកអ្នកអាចចុចនៅកន្លែងនេះដើម្បីធ្វើការផ្លាស់ប្ដូរលេខសម្ងាត់បាន៕

ដោយ ៖ សិលា


ចែករំលែក៖