ភ្នំពេញ៖ យោងតាមប្រភពពី ( Cambodia SEA GAMES 2023) ជាមួយទិសស្លោកពាក្យ យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, កីឡាករជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយសម្រាកព្យាបាល ១០ថ្ងៃ នៅប្រទេសបារ៉ែន ។ រីឯកីឡាករ ៥នាក់ទៀត រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី នឹងធ្វើតេស្ដ PCR តាមក្រោយ។
តាមការបញ្ជាក់របស់សាមីខ្លួន សារ៉េត គ្រីយ៉ា បានធ្វើតេស្ដ PCR កាលពីម្សិលមិញ និងទទួលបានលទ្ធផលអវិជ្ជមាននៅថ្ងៃនេះ ។ បន្ទាប់មកគេក៏ទទួលបានការអនុញ្ញាតឲ្យចេញទៅសម្រាកនៅសណ្ឋាគារខាងក្រៅ ។ គ្រីយ៉ា បន្ដថា ការធ្វើតេស្ដមុនគេនេះ ព្រោះខ្លួនរកឃើញវិជ្ជមានមុន តាំងពីមុនការប្រកួតជើងទី១ ជាមួយកោះហ្គាំ មកម្ល៉េះ។
ចំណែកកីឡាករ ៥នាក់ទៀត នឹងធ្វើតេស្ដ PCR ជាបន្ដបន្ទាប់តាមក្រោយ ។ បន្ទាប់ពីជាសះស្បើយទាំងអស់គ្នា ទើបពួកគេត្រឡប់មកមាតុភូមិវិញ ។ ដូច្នេះ សារ៉េត គ្រីយ៉ា នឹងត្រូវសម្រាកនៅសណ្ឋាគារមួយកន្លែង ដើម្បីរង់ចាំមិត្តរួមក្រុមផ្សេងទៀត ដែលគ្រោងនឹងធ្វើតេស្ដនាថ្ងៃទី២១ ខែតុលាខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ គ្រីយ៉ា។
សូមជូនពរកីឡាករជម្រើសជាតិកម្ពុជា ទាំង ៦រូប ជួបតែសំណាងល្អ ពិសេសកីឡាករ ដែលនឹងធ្វើតេស្ដ PCR នាពេលឆាប់ៗខាងមុខ សូមទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ដើម្បីឆាប់បានត្រឡប់មកមាតុភូមិកម្ពុជាវិញ។
គួរដឹងថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបខាងលើ បានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មនៅប្រទេសបារ៉ែន ក្នុងការប្រកួតជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ជាមួយក្រុមកោះហ្គាំ ស្របពេលក្រុមគោព្រៃកម្ពុជា បានយកឈ្នះកោះហ្គាំ ទាំង ២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ៕
ដោយ ៖ សិលា