ប្រទេសថៃ៖ សេចក្ដីរាយការពីប្រទេសថៃបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី២០តុលា ២០២១ កម្លាំងស្រាវជ្រាវរបស់ស្នងការនគបាលខេត្តស្រះកែវ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគបាលស្រុកអារញ្ញ និងអង្គភាពពាក់ព័ន្ធ បានឃាត់ខ្លួនបណ្ដាញលួចដឹកជញ្ជូនពលករខុសច្បាប់ជនជាតិខ្មែរ ដែលចូលមកក្នុងប្រទេសថៃសរុបចំនួន៦០នាក់ រួមមាន៖មេខ្យល់ជនជាតិថៃ៦នាក់ ពលករខ្មែរ៥៤នាក់ ក្នុងនោះប្រុស២៩នាក់ ស្រី១៨នាក់ និងក្មេង៧នាក់ នៅបរិវេណថ្នល់បាយផាសអារញ្ញ ឆ្ពោះទៅទីរួមខេត្តស្រះកែវ ក្នុងឃុំបានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ មុនហ្នឹងបញ្ជូនខ្លួនទៅសួរនាំបន្ថែម និងធ្វើកំណត់ហេតុចាប់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកអារញ្ញ ។
សមត្ថកិច្ចថៃបានឲ្យដឹងថា ជំហានដំបូងសម្រាប់ពលករខ្មែរ បានប្រាប់សមត្ថកិច្ចថា ពួកគេបានចំណាយលុយឲ្យជនជាតិខ្មែរចាត់ការឲ្យក្នុងម្នាក់១,០០០បាត មិនរួមបញ្ចូលថ្លៃធ្វើដំណើរផ្សេងៗនៅខាងថៃ ខណៈដែលត្រៀមបំបែកសំណុំរឿងបន្ថែមទៅក្រុមមេខ្យល់នាំពលករ និងប្រកាសពីទោសទណ្ឌសម្រាប់ពលករខ្មែរ ដែលប្រព្រឹត្តបទល្មើសលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ព្រមទាំងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល ដើម្បីបណ្ដេញឲ្យត្រឡប់ទៅប្រទេសវិញ ដោយឲ្យខាងនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ និងខាងទាហានជាអ្នកដំណើរការ។ពលករខ្មែរម្នាក់បានប្រាប់សមត្ថកិច្ចថៃថា ពួកគេប្រើវិធីដើរថ្មើរជើងពីខាងកម្ពុជា តាំងពីម៉ោងប្រមាណ២៣និង០០នាទី យប់ថ្ងៃទី២០តុលា ២០២១ ដើម្បីឆ្លងដែនតាមច្រករបៀងមកឯប្រទេសថៃ ដើម្បីមករង់ចាំរថយន្តចូលមកទទួល និងដឹកទៅ តែត្រូវសមត្ថកិច្ចចាប់បានមុន ដោយពួកគេមានបំណងទៅធ្វើការសំណង់នៅក្រុងបាងកក និងពលករខ្មែរភាគច្រើនបានអះអាងថា ពួកគេបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ហើយ ព្រមទាំងយកឯកសារចាក់វ៉ាក់សាំង លើកបង្ហាញសមត្ថកិច្ចថៃទៀតផង។យ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចថៃសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួនរួចរាល់ ក៏បានបញ្ជូនទៅឲ្យជំនាញស្រុកអារញ្ញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ ៖ វណ្ណា