ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុ ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ,ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានជួបប្រជុំពិភាក្សាការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន អភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុព្រះ ដោយមានការចូលរួមពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ដ មេបញ្ជាកងរាជអាវុធហត្ថខេត្ត មេបញ្ជាតំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងដើម្បីបន្សាបនូវព័ត៌មានដែលអាចជះឥទ្ធិពលដល់មុខមាត់ខេត្តព្រះសីហនុ ដែលជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសដើម្បីបង្កលក្ខណៈសន្តិសុខ សុវត្ថិភាពល្អ មុនពេលបើកឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ ក្រោយពេលវិស័យនេះបានផ្អាកស្ទើរទាំងស្រុងដោយវិបត្តិកូវីដ-១៩៕
ដោយ៖ សូរិយា