ភ្នំពេញ ៖ ដោយការធ្វេសប្រហែសតែមួយភ្លែតធ្វើឱ្យមានវិប្បដិសារីមួយជីវិត ! ជាក់ស្តែងឪពុកម្តាយពីរនាក់នេះបានបាត់បង់កូន២នាក់តែក្នុងមួយប៉ប្រិចភ្នែកគួរឱ្យអាសូរ ដោយសារកូនប្រុសស្រី២នាក់ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សិ្ថតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពកុមារាកុមារីទាំងពីរនាក់មានឈ្មោះសេង សំណាង ភេទប្រុស អាយុ៣ឆ្នាំ និង ឈ្មោះ ដែន សុជាតា ភេទស្រីអាយុ៤ឆ្នាំ។
កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច័យសាកសពក្មេងទាំងពីរនាក់នោះ ហើយបានបញ្ជាក់ថា ក្មេងរងគ្រោះប្រុសស្រីទាំងពីរនាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកស្រះ ប្រាកដមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ