ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ ដែល​ទាមទារ​ឱ្យ​មន្រ្តី​ជំនាញ​ត្រូវខិតខំ​ពុះពារ​ថែម​ទៀត​ ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​តាម​ផែន​ការ​កំណត់

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៅព្រឹក​ថ្ងៃ​អង្គារ​ ៥រោច​ ខែ​អស្សុជ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស.​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ តាម​ប្រព័ន្ធ​វីឌីអូ​ ត្រួតពិនិត្យ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ខែ​តុលា​ និង​លេីក​ទិសដៅ​ការងារ​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​។ 

ក្នុង​នាម​ លោកនាយ​ឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​ និង​ក្នុង​នាម​លោកឧត្តមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ផ្ទាល់​ សូម​អរគុណ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ ភារកិច្ច​ ដែល​ថ្នាក់​ដឹកនាំ​ប្រគល់​ជូន​ រហូត​សម្រេច​បាន​នូវ​ លទ្ធផល​ល្អ​ប្រសើរ​ ទាំង​លេី​កិច្ច​ការ​ងារ​ជំនាញ​ និងកិច្ច​សហការក្នុង​ភាព​ជា​ដៃគូ​​ជាមួយ​ក្រសួង​ ស្ថាប័ន​ ក្រុម​ហ៊ុន​ឯកជន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ ដែល​ជា​ស្នាដៃ​របស់​លោក​អនុប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​ ព្រមទាំង​លោក​នាយ​ការិយាល័យ​ទាំង​៧​ ចំណុះ​នាយកដ្ឋាន​។ 

ទន្ទឹម​នោះ​ នាយកដ្ឋាន​ ​ក៏​បាន​ជួប​បញ្ហា​ប្រឈម​ខ្លះ​ ដែល​ទាមទារ​ឱ្យ​មន្រ្តី​ជំនាញ​ត្រូវខិតខំ​ពុះពារ​ថែម​ទៀត​ ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​តាម​ផែន​ការ​កំណត់​។ 

ដូច​នេះ​ លោកឧត្តមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាននាយកដ្ឋាន​ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ សម្រាប់​ជា​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ខែ​វិច្ឆិកា​ ដែល​មាន​ដូច​ខាងក្រោម​៖

-​ បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចាំបាច់​ សម្រាប់​បម្រើ​ការងារ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​

-​ បន្ត​បេីក​វគ្គ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព​មន្រ្តី​នគរបាល​ចរាចរណ៍​ ទាំង​ក្នុង​ក្របខ័ណ្ឌ​នាយកដ្ឋាន​ និង​រាជធានី​ ខេត្ត​

-​ បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​

-​ បន្ត​ល្បាត​ចល័ត​តាម​ផ្លូវជាតិ​សំខាន់​ៗ

-​ ត្រៀម​កម្លាំង​ប្រចាំការ​ ការពារ​ និង​រក្សា​សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​ចរាចរណ៍​ ក្នុងពិធី​ផ្សេង​នា​ពេល​ខាង​មុខ​

-​ បន្ត​លេីក​កម្ពស់​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ និង​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ ពេលជួប​ការ​លំបាក​

-​ បន្ត​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​វិធាន​សុខាភិបាល​ ៣កុំ​ ៣ការពារ​ ដេីម្បី​បញ្ជៀស​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីត​១៩

-​ និង​បន្ត​ប្រកាន់​ខ្ជាប់​ជា​និច្ច​ សីលធម៌​ អាកប្បកិរិយា​ថ្លៃ​ថ្នូរ​ ក្នុង​នាម​កង​កម្លាំង​នគរបាល​ជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖