ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកាត់ជំនួយដល់ស៊ូដង់ក្រោយការធ្វើរដ្ឋប្រហារ

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានប្រកាសផ្អាកជំនួយជាបណ្តោះអាសន្នដល់ប្រទេសស៊ូដង់ ក្រោយពេលកម្លាំងទាហានប្រទេសនេះធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចគ្រប់គ្រងប្រទេស។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៥ខែតុលា(ពេលវេលាអាមេរិក) ដោយបានបញ្ជាក់ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងវាយតម្លៃឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាល Khartoum លើកលែងតែប្រទេសនេះវិលត្រឡប់មកសភាពធម្មតាវិញ ហើយផ្លាស់ប្តូរអំណាចដោយប្រជាធិបតេយ្យ។
កាលពីថ្ងៃទី២៥ ខែតុលា កម្លាំងទាហានស៊ូដង់បានរំលាយរដ្ឋាភិបាលស៊ូដង់ ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចាប់នាយករដ្ឋមន្ត្រី Abdalla Hamdok និងរដ្ឋមន្ត្រីជាច្រើនរូបទៀតក្នុងរដ្ឋាភិបាល។ កម្លាំងយោធាបានឃុំខ្លួននាយករដ្ឋមន្ត្រីនៅទីកន្លែងអាថ៌កំបាំងមួយ ដោយមិនទាន់មានអ្នកណាដឹងនៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពធ្វើរដ្ឋប្រហារពីសំណាក់ទាហានស៊ូដង់។ ការចាប់ខ្លួនមេដឹកនាំស៊ីវិល គឺបានធ្វើឲ្យដំណើរការផ្លាស់ប្តូរប្រទេសជាតិកាន់តែអាក្រក់»។
ចាប់តាំងពីមេដឹកនាំយូរឆ្នាំលោក Omar Al Bashir ត្រូវបានផ្តួលរំលំដោយការធ្វើបាតុកម្មកាលពីឆ្នាំ២០១៩ លោក Hamdok បានឡើងកាន់តំណែងជំនួសជារដ្ឋាភិបាលបណ្តោះអាសន្ន ដោយបានចែករំលែកអំណាចជាមួយកម្លាំងយោធា៕ ដោយ៖ធីរីណា

រូបថត៖AP

រូបថត៖Reuters 


ចែករំលែក៖